សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជា​ប្តី​សម្លាប់​ប្រពន្ធ​ នៅ​ភ្នំពេញ​ យក​សព​ទៅ​ចោល​នៅ​ត្បូងឃ្មុំ​ រួចគេច​មក​ដល់​ខេត្តបាត់ដំបង​

រាជធានី​ភ្នំពេញ​៖​ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា បុរស​ម្នាក់​ បានយក​កាំបិត​កាប់​ និង​យក​កៅអី ​វាយ​សម្លាប់​ប្រពន្ធ​ នៅ​ចំណុច​ផ្ទះ​លេខ​៥៤​ ផ្លូវ​៥៩៨​ ភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២១​ រួច​យក​សព​ទៅ​ផ្លុ​ង​ចោល ​នៅ​ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ហើយ​រត់គេច​ខ្លួន ដល់​ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ក៏ត្រូវ​បាន​កម្លាំង​នគរបាល ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​។

​លោក​វរសេនីយ៍ឯក​ ខេ​ង​ ម៉េ​ង​ឈាង​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដោយ​កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដឹកនាំ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ដោយបានឃាត់ខ្លួន ​ជនសង្ស័យ​ឈ្មោះ​ សៀន​ ហួរ​ អាយុ​ ៥៩​ឆ្នាំ​ ត្រូវជា​ប្តី​ ស្ត្រីរងគ្រោះ នៅ​ត្រង់​ចំណុច​ផ្ទះសំណាក់​នី​ឡា​ ភូមិ​ជីប៉ា​ង​ ឃុំ​ផ្លូវ​មាស​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​។​

​លោក​ ខេ​ង​ ម៉េ​ង​ឈាង​ បាន​បន្តថា​ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​នាំ​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ប្រគល់​ឲ្យ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​សែន​សុខ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​។​

​សូម​ជម្រាប​ថា​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២១​ ត្រង់​ចំណុច​ផ្ទះ​លេខ​៥៤​ ផ្លូវ​៥៩៨​ ភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ដោយ​បុរស​ជា​ប្ដី​ បាន​យក​កាំបិត​កាប់​ និង​កៅអី​វាយ​សម្លាប់​ ស្ត្រី​រង​គ្រោះ ដែលត្រូវជា​ប្រពន្ធ​ ឈ្មោះ​ គង់​ វុ​ទ្ធី​ ហៅ​លី​ អាយុ​ ៥៧​ឆ្នាំ​ ហើយ​កាច់​ដៃ​កាច់​ជើង​ យក​សព​ច្រកក្នុង​វ៉ា​លី​ទៅ​បោះចោល​។​

​ក្រោយមក​នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២១​ មាន​ប្រជាជន​ប្រទះ​ឃើញ​មាន​មនុស្ស​ស្លាប់​អណ្ដែត​ទឹក​ នៅ​ក្នុង​វ៉ា​លី​ ត្រង់​ចំណុច​មាត់ទន្លេ​ ក្រោយ​វិហារ​ឥ​ស្លា​ម​ ភូមិ​ព្រែក​តូច​ ឃុំ​ជី​រោទ៍​ទី​១​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ចម្ងាយ​ពី​វិហារ​២០០​ម៉ែត្រ​។​

​ក្រោយមកបន្ទាប់ពី ​ទទួល​បាន​បទបញ្ជា​ពី​ នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោក​ឧត្ត​សេនីយ៍​ឯក​ ង៉េ​ង​ ជួ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​បញ្ជា​ឲ្យ​បើក​ការ​ស្រាវជ្រាវ​ភ្លាមៗ​ រហូត​ដល់​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដឹកនាំ​សហការ​បង្ក្រាប និងចាប់ច្លួន ជនសង្ស័យ ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង