វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជា នៅថ្ងៃសៅរ៍នេះ

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៉ីណូហ្វាម (Sinopharm Vaccine) របស់ចិន ចំនួន ០១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជា ទៀតហើយ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះ ឱ្យបានលឿន​តាមដែលអាចធ្វើទៅបានជូន​ប្រជាពលរដ្ឋរបស់ខ្លួន ដោយឥតគិតថ្លៃ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងស្វះស្វែងរកវ៉ាក់សាំងសម្រាប់ចាក់បង្ការមេរោគកូវីដនេះជាបន្តទៀត ហើយ​វ៉ាក់សាំងនេះ បានបន្តដឹកមកដល់ប្រទេសកម្ពុជា ជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ​។

គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ០៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ-១៩ ដែល​ទទួលបាន និងកំពុងដំណើរការ ចាក់ជូនប្រជាពលរដ្ឋពេលនេះ គឺភាគច្រើនបំផុតជាវ៉ាក់សាំងផលិតនៅប្រទេសចិន។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ដែលត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ ហើយថា នៅក្នុងខែមិថុនា ឆ្នាំ​២០២១នេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឲ្យ ប្រទេសកម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថា នឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឲ្យបានចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១​ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង