ជំនួបដោះស្រាយវិវាទដីធ្លី​រវាងភាគី លោកស្រី សេរី កូស៊ិន​ ជាមួយ​ពលរដ្ឋជិត​១០០គ្រួសារ នៅស្រុកំពង់សីលា មិនទាន់មានលទ្ធផលទេ..

​ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកកំពង់សីលា នៅមិនទាន់អាចរកដំណោះស្រាយដីធ្លី រវាងភាគីដើមបណ្តឹង​មានប័ណ្ណកម្មសិទ្ធិ មានជម្លោះជាមួយប្រជាពលរដ្ឋជិត ១០០គ្រួសារ ដែលអះអាងថា បានចូលមកកាន់កាប់ដីទំនាស់ខាងលើជាយូរលង់ណាស់មកហើយនោះនៅឡើយទេ​ នៅក្នុងជំនួបពិភាក្សា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ ជំនួបនោះ ដឹកនាំដោយ លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា ដោយមានភាគីដើមបណ្ដឹង និងចុងបណ្ដឹង បានចូលរួមពិភាក្សាតទល់មុខគ្នា ដើម្បី​បកស្រាយ​នូវជីវប្រវត្តិ នៃដីដែលមានទំនាស់ និងលើកយកឯកសារ​មក​បញ្ជាក់ជាភស្តុតាងផង ដោយ​​មានការចូលរួមពី​សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលស្រុកកំពង់សីលា- ភូមិបាលស្រុកកំពង់សីលា – លោកមេឃុំ និងមេភូមិជាដើម ដែលទីតាំងដីទំនាស់ដីធ្លី ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ​។ ​

នាឱកាសនោះ លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា ​មានប្រសាសន៍​ថា ការអញ្ជើញភាគីទំនាស់ទាំងពីរមកជួបប្រជុំគ្នាពេលនេះ ​ប្រយោជន៍ដើម្បីចូលរួមរកដំណោះស្រាយលើវិវាទដីធ្លី របស់ពួកគាត់ ប៉ុន្តែ​ប្រសិនបើភាគីទាំងពីរ មិនពេញចិត្តនៅត្រង់ចំណុចណាមួយ គឺអាចបន្តប្ដឹងទៅដល់តុលាការ ដើម្បីរកដំណោះស្រាយជាបន្តទៀត។ ហើយ​ថា វិវាទនេះ ប្រសិនបើសមត្ថកិច្ចជំនាញ រកឃើញ​ភាគីណាមួយបានប្រព្រឹត្តអំពើល្មើស និងត្រូវទទួលទោស​តាមនីតិវិធីច្បាប់។

នៅក្នុងជំនួបនោះដែរ លោកអភិបាលរងស្រុកកំពង់សីលា ក៏បានអនុញ្ញាត ឲ្យចុងបណ្ដឹងចំនួន​០៤នាក់ រួមមាន៖ ឈ្មោះ មឿន យឿន, ឈ្មោះ សុខ និល, ឈ្មោះ ឌឿន សំនី និងឈ្មោះ អ៊ុយ អុល ធ្វើការបកស្រាយពីជីវប្រវត្តិដី ដើម្បីឲ្យ​កម្លាំងសមត្ថកិច្ច និងមន្ត្រីស្រុកកំពង់សីលា ព្រមទាំងភាគីដើមបណ្ដឹង​ បានស្ដាប់នូវហេតុការ ដែលខ្លួនបានចូលទៅទីតាំងដីមានទំនាស់។ ហើយក៏ជាដី ដែលភាគីដើមបណ្ដឹង បានអះអាងថា មានប័ណ្ណកម្មសិទ្ធិ និងមានលេខក្បាលដី ១៨៧,១៦៨,១៩២ ព្រមទាំងមានដាំដំណាំ​នៅលើទីតាំងដីនោះជាក់ស្តែងថែមទៀតផង។

ដោយឡែកចំពោះខាងភាគីចុងបណ្ដឹង គឺនៅក្នុងកិច្ចប្រជុំនោះ ពុំមានឯកសារណាមួយមកបញ្ជាក់ប្រាប់សមត្ថកិច្ចពាក់ព័ន្ធ ថា ជាដី​របស់ខ្លួនកាន់កាប់ឲ្យបានត្រឹមត្រូវ តាំងពីពេលណាមកនោះទេ ព្រោះ​​ទីតាំងដីមានទំនាស់នេះ គឺជាដីព្រៃ ​ហើយពួកគាត់បានចូលកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន​។ ​

​នៅក្នុងកិច្ចប្រជុំនោះដែរ លោកស្រី សេរី កូស៉ិន ដែលជាភាគីដើមបណ្តឹង បានលើកឡើងថា កន្លងមកនេះ មានប្រជាពលរដ្ឋមួយចំនួន បានចូលទៅទន្ទ្រានលើដីរបស់គាត់ ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។ ហើយថា ទីតាំងដីរបស់គាត់ គឺគាត់មិនបានដាំដំណាំអ្វីទេ​ និងមានព្រៃឈើដុះជុំជិត ព្រោះ​លោកស្រី មានគម្រោងទុក​ធ្វើជាកន្លែង​រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ដើម្បីទាក់ទាញឲ្យភ្ញៀវជាតិ-អន្តរជាតិ ឲ្យចូលមក​កម្សាន្តស្រូបយក​ខ្យល់អាកាសបរិសុទ្ធជាលក្ខណៈធម្មជាតិ មានព្រៃឈើ​ ឬក៏អាចឲ្យភ្ញៀវទេសចរ ចូលមកបោះតង់អង្គុយលេងកម្សាន្តក៏បាន។

លោកស្រី សេរី កូស៉ិន បញ្ជាក់បន្ថែមថា វិវាទដីធ្លីខាងលើនេះ ​​រូបគាត់ធ្លាប់បានដាក់ពាក្យបណ្ដឹងមកកាន់ អធិការស្រុកកំពង់សីលា ឲ្យជួយអន្តរាគមន៍ជាច្រើនលើកច្រើនសារកន្លងមកហើយៗ ក៏ត្រូវបាន​កម្លាំងសមត្ថកិច្ច នៃ អធិការស្រុកកំពង់សីលា ​បានចុះធ្វើការហាមឃាត់ជាច្រើនដងរួចមកហើយដែរ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះ នៅតែបន្តចូលមកកាប់រានព្រៃ ក្នុងដីកម្មសិទ្ធិ របស់ខ្លួន ដដែល។

ផ្តើមពីបញ្ហានេះ លោកស្រី ក៏បានបន្ត​ដាក់ពាក្យបណ្ដឹង ទៅកាន់រដ្ឋបាលស្រុកកំពង់សីលា ដើម្បីស្នើជួយរកដំណោះស្រាយ​ជាបន្តទៀត ព្រោះ​ប្រជាពលរដ្ឋទាំងនោះ នៅតែបន្តធ្វើសក្មភាពរំលោភបំពាន​ទៅលើដី របស់គាត់ ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។

យ៉ាងណាក៏ដោយចុះ ​កិច្ចប្រជុំដោះស្រាយវិវាទដីធ្លី កាលពីថ្ងៃទី​១១ ខែមិថុនា មិនទទួលបានលទ្ធផលនោះទេ ប៉ុន្តែ​បានឈានដល់ រដ្ឋបាលស្រុកកំពង់សីលា បានឯកភាព រវាងលោកស្រី សេរី កូស៊ិន ជាភាគីដើមបណ្តឹង និងភាគីតំណាងប្រជាពលរដ្ឋ ​បានកំណត់ថ្ងៃ​ជាក់លាក់មួយនៅថ្ងៃខាងមុខ ដើម្បីចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ដើម្បីបង្ហាញអំពីភាពស្អាតស្អំរៀងៗខ្លួន ព្រោះកន្លងមកភាគីទាំងពីរ សុទ្ធតែបានលើកឡើងពីភាពស្អាតស្អំ ឬភាពជាម្ចាស់កម្មសិទ្ធិកាន់កាប់ដីធ្លី នៅទីតាំងខាងលើ តែរៀងៗខ្លួន។

ងាកមកភាគី ​លោកស្រី សេរី កូស៊ិន បានអះអាងថា ទីតាំងដីទំនាស់ ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា គឺរូបគាត់បានទិញ​ពីម្ចាស់ដើម និងមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ព្រមទាំង​មានការទទួលដឹងឮ ពីអាជ្ញាធរមូលដ្ឋានថែមទៀតផង។​ លោកស្រីបន្តថា ទំនាស់ដីធ្លី​នេះ មានទំហំផ្ទៃដីជាង ១០ហិចតា នៅក្នុង​ចំណោមផ្ទៃដី​ទាំង ​៣ប័ណ្ណ សរុបមានទំហំសរុបជិត ៣០ហិចតា​ ដែលទីតាំងដីខ្លះមានដាំដំណាំ និងដីខ្លះទៀត ពុំទាន់មានដំណាំទេ​ ប៉ុន្តែ​បានដាំកូនឈើបន្ថែម ដើម្បី​ត្រៀមបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិនៅថ្ងៃអនាគត។

ចំណែក លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា បាន​បញ្ជាក់ក្រោយកិច្ចប្រជុំ រវាងភាគីម្ចាស់ប័ណ្ណកម្មសិទ្ឋិ និងភាគីតំណាងប្រជាពលរដ្ឋថា ​បញ្ហាទំនាស់ដីធ្លីខាងលើនេះ ​ភាគីលោកស្រី សេរី កូស៊ិន​ ដែលមានទីលំនៅបច្ចុប្បន្ននៅរាជធានីភ្នំពេញ គឺគាត់សំអាងទៅលើប័ណ្ណកម្មសិទ្ធិចំនួន ៣ប័ណ្ណ (ប័ណ្ណបទបញ្ជា០១) ចេញកំឡុងឆ្នាំ២០១៤ ដោយភាគីម្ចាស់ប័ណ្ណ បានចោទថា ក្រុមប្រជាពលរដ្ឋ បានចូលទៅកាប់ទន្ទ្រានលើដីកម្មសិទ្ធិស្របច្បាប់ ​និងមានលេខក្បាលដី៖ ១៨៧,១៦៨,១៩២ ​មានទីតាំងស្ថិតនៅក្នុងភូមិវាល ឃុំកំពុងសីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ រីឯភាគីប្រជាពលរដ្ឋ គឺពួកគាត់មិនមានឯកសារអ្វីមកសំអាងនោះទេ គឺមានតែចំនួន​ប្រជាពលរដ្ឋជិត ១០០គ្រួសារ ដោយគ្មានឯកសារអ្វីទាំងអស់ ហើយបានចោទភាគីម្ចាស់ដីថា ឃុបឃិតគ្នា លេងបួនសន្លឹកជាមួយពួកគាត់ ដោយចាត់ទុកប័ណ្ណកម្មសិទ្ធិ របស់ភាគីលោកស្រី សេរី កូស៊ិន ថា មិននៅលើទីតាំងដី ដែលពួកគាត់បាន​កាប់រាន​ព្រៃ ​ធ្វើជាកម្មសិទ្ធិ​នោះទេ។

យ៉ាងណាក៏ដោយចុះ ចំពោះវិវាទដីធ្លីខាងលើនេះ ​លោក​ ចាន់ ពន្លក ​ ​អភិបាលរងស្រុកកំពង់សីឡា បញ្ជាក់​ថា បើពិនិត្យទៅលើឯកសា​រផ្លូវច្បាប់ឃើញថា ខាងភាគីលោកស្រី សេរី កូស៊ិន ហាក់មានប្រៀបជាងភាគីប្រជាពលរដ្ឋ។ យ៉ាងនេះក្តី ក្រោយ​កិច្ចប្រជុំ​ រវាងភាគីទំនាស់ទាំងពីរ​ ​ក៏ឈានដល់ក្រុមការងារថ្នាក់ស្រុកកំពង់សីលា ​បានសម្រេចបង្កើតគណៈកម្មាធិការចំរុះ ដើម្បីចុះទៅធ្វើការវាស់វែង​រកចំណុចនិយាមការទាំង ៣ប័ណ្ណ របស់ លោកស្រី សេរី កូស៊ិន និងទីតាំងដី ដែលតំណាងប្រជាពលរដ្ឋ ជិត ១០០គ្រួសារ បានអះអាងថា ​ចូលកាន់កាប់ជាយូរមកហើយនោះ ដើម្បីងាយស្រួលដល់ក្រុមការងារវាយតម្លៃ និងអនុវត្តនីតិវិធី ឲ្យមានតម្លាភាពស្របតាមផ្លូវច្បាប់ ដោយមិនអាចឲ្យ​ភាគីណាមួយ រំលោភបំពានភាគីណាមួយ​ទាំងអយុត្តិធម៌នោះទេ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង