ឃាត់ខ្លួនសន្តិសុខឯកជនម្នាក់ ក្លែងឯកសណ្ឋានជាមន្ត្រីនគរបាល ហើយដើរយកលុយពីអ្នកលក់ដូរ តាមចិញ្ចើមផ្លូវក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់ ដែលបន្លំខ្លួនជាសមត្ថកិច្ចនគរបាល ហើយបានដើរទារប្រាក់ពីប្រជាពលរដ្ឋ លក់ដូរនៅតាមចិញ្ចើមផ្លូវបូរីកម្មករ ក្រុងព្រះសីហនុ ដោយបុរសរូបនេះ បានធ្វើសកម្មភាពចាប់តាំងពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។ ការឃាត់ខ្លួនបុរសខាងលើ ធ្វើឡើងនៅម៉ោង ០៧ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១​។

សមត្ថកិច្ចបន្តថា បុរសខាងលើនេះ ឈ្មោះ ភា កុសល អាយុ ៤០ឆ្នាំ មុខរបរសន្តិសុខឯកជន និងបច្ចុប្បន្នស្នាក់នៅក្នុងទីស្នាក់ការក្រុមហ៊ុន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ បុរសរូបនេះ បានដើរធ្វើសកម្មភាពដើរយកលុយពីអ្នកលក់នៅតាមបណ្តោយផ្លូវបូរីកម្មករ ( ផ្លូវ CT ) ចាប់ពីចំណុចមុខគ្លីនិកដើមស្វាយ ដល់មុខផ្សារពាណិជ្ឋកម្ម ស្ថិតនៅក្រុមទី១២ ភូមិ២ សង្កាត់​លេខ២ ក្រុងព្រះសីហនុ។

តាមការចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ​រូបគាត់ពិតជាបាន​ក្លែងខ្លួនធ្វើជាមន្ត្រីនគរ ហើយបានដើរយកប្រាក់ពី​អ្នកលក់ដូរ នៅតាមចិញ្ចើមផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុពិតមែន ដោយកន្លែងលក់ដូរនីមួយៗ គឺក្នុងមួយថ្ងៃទទួលបានលុយចាប់ពី ១ម៉ឺន ១ពាន់រៀល ទៅ ១ម៉ឺន ៥ពាន់រៀល។

សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ​កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ​ធ្លាប់បានស្លៀកពាក់ឯកសណ្ឋានបន្លំធ្វើជាមន្ត្រីនគរបាល ហើយ​បានចុះទៅធ្វើសកម្មភាព នៅផ្សារពារណិជ្ជកម្មម្តងរួចហើយៗកាលណោះ ​ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ  ចាប់ឃាត់ខ្លួននាំយកមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការអប់រំ និងចុះកិច្ចសន្យា ឲ្យបញ្ឈប់សកម្មភាពបន្លំធ្វើជានគរបាលម្តងរួចហើយ ប៉ុន្តែនៅមិនគោរពតាមកិច្ចសន្យាទេ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំងជំនាញ ​ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង