សម្តេច​ ហ៊ុន សែន៖ មរណភាពរបស់ព្រឹទ្ធាចារ្យ ឯម ធាយ ​ជាបាត់បង់​មត៌កមនុស្សរស់ដ៏មានតម្លៃបំផុត នៃរបាំព្រះរាជទ្រព្យខ្មែរ

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកមរណភាពព្រឹទ្ធាចារ្យ ឯម ធាយ ថាជាការបាត់បង់មត៌ក ដ៏មានតម្លៃបំផុត នៃ​របាំព្រះរាជទ្រព្យខ្មែរ។​

នៅក្នុងសាររំលែកទុក្ខ ផ្ញើជូនលោកស្រី ថោង គឹមអាន ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០២១ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សរសេរថា «ខ្ញុំនិងភរិយាមានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឧបាសិកាព្រឹទ្ធាចារ្យទេវនា​ដនិម្មិ ​ឯម ធាយ បានទទួលមរណភាព ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយរោគាពាធនាវេលាម៉ោង ០០៖២០ នាទីរំលងអធ្រាតថ្ងៃអង្គារត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១»។

សម្តេចបន្តថា «​ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ខ្ញុំនិងភរិយា សូមសម្ដែង នូវការសោកស្ដាយស្រ​ណោះអាឡោះអាល័យ ចំពោះការបាត់បង់ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ដែលជាការបាត់បង់ នូវម្ដាយជីដូន ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត និងជាព្រឹទ្ធាចារ្យសិល្បៈការិនីដ៏ឆ្នើម ដែលជាមត៌កមនុស្សរស់ដ៏មានតម្លៃបំផុត នៃរបាំព្រះរាជទ្រព្យ»។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះ រួចបន្តថា ពេញមួយជីវិតរបស់​ ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត គឺបានលះបង់ពេលវេលាដ៏មានតម្លៃ ដើម្បីរួមចំណែកលើកស្ទួយ និងថែរក្សាសិល្បៈវប្បធម៌ដ៏រុងរឿងរបស់ជាតិ។

នៅចុងបញ្ចប់នៃសារលិខិតរំលែកទុក្ខ សម្តេចប្រមុខដឹកនាំ បានបញ្ជាក់ថា «ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពគ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ»។

​សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ ឯម ធាយ ជានាដការបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ និងជាសិស្សរបាំព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រយានី ស៊ីសុវត្ថិកុសុមៈនារីរត្ន សេរីវឌ្ឍនា។

ព្រឹទ្ធាចារ្យ ឯម ធាយ គឺជាមរតក​មនុស្ស​រស់ថ្នាក់​ជាតិ​ ឯក​ទេស​របាំ​ក្បាច់​បុរាណ​ខ្មែរ អាចរាំរបាំជាតួនាង (តួស្រី) តួនាយរោង (តួប្រុស) ក្បាច់ប្លែង តួស្វា តួយក្ខ ច្រៀង និងជាអ្នកដឹកនាំបង្ហាត់សិស្ស ក៏ដូចជាតួសម្តែង នៅក្នុងសាច់រឿង៕​

អត្ថបទដែលជាប់ទាក់ទង