ចាប់ជនជាតិឡាវ២នាក់ និងរឹបអូសគ្រឿងញៀនជិត៥គីឡូក្រាម

ខេត្តព្រះវិហារ៖ កម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) បានសហការ និងនគរបាលខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានចាប់ជនជាតិឡាវ ០២នាក់ និងរឹបអូសគ្រឿងញៀនជិត ០៥គីឡូក្រាម។

យុទ្ធនាការនេះ បានអនុវត្តទៅតាមបទបញ្ជា របស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង គ្រឿងញៀន។

សមត្ថកិច្ច បានឱ្យដឹងថា ការបង្ក្រាបនេះដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងមានការចូលរួមពីនគរបាលខេត្តព្រះវិហារនគរបាលប៉ុស្តិ៍កំពង់ស្រឡៅនៃវរ:ការពារព្រំដែនលេខ១០៥ ដោយកម្លាំងជំនាញ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីឡាវមកកម្ពុជា តាមផ្លូវទឹក នៅម្តុំ ភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែម ខេត្តព្រះវិហារ។

យុទ្ធនាការនេះ សមត្ថកិច្ច បានចាប់បុរសសង្ស័យ ០២នាក់រួមមាន៖ឈ្មោះ MOUAN VORLABOUD អាយុ ៣៧ឆ្នាំ និងឈ្មោះ កែវ ថាអាយុ ៣៧ឆ្នាំ ជនសង្ស័យទាំង ០២ ជាជនជាតិឡាវ។

ចំណែក វត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០៥កញ្ចប់ធំ មានទម្ងន់ ០៤គីឡូក្រាម និង ៩៨៨.៨៤ក្រាម ព្រមទាំងទូកយន្ត ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្ត ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង