យុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូន​ពលរដ្ឋ​​ខេត្តព្រះសីហនុ ចាប់ផ្តើមបន្តនៅថ្ងៃនេះ!

ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ មានអាយុចាប់ពី ១៨ឆ្នាំឡើង បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២១នេះ។ ហើយថា ការងារចាក់វ៉ាក់សាំងនេះ នឹងត្រូវអនុវត្តជាបន្តបន្ទាប់ នៅគ្រប់ភូមិឃុំសង្កាត់នីមួយៗក្នុងខេត្តព្រះសីហនុ។

​មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បន្តថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ នឹងទទួលបានទម្រង់​សម្រាប់បំពេញបែបបទ​ចាក់វ៉ាក់សាំងនេះ នៅតាម​​ក្រុម​​ភូមិនៅក្នុងឃុំ-សង្កាត់នីមួយៗ។ ក្នុងនោះចំពោះ អ្នកដែលបានចុះឈ្មោះកន្លងមក នឹងមានអទិភាពទទួល​ឯកសារចាក់វ៉ាក់សាំងនេះមុន។ មន្ត្រីដដែលបន្តថា បន្ទាប់ពីប្រជាពលរដ្ឋ បានបំពេញឯកសារសម្រាប់ចាក់វ៉ាក់សាំងរួច គឺត្រូវរង់ចាំការសម្របសម្រួលពីក្រុមការងារ ដើម្បីហៅទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ទៅតាមលំដាប់លំដោយ ដើម្បីចៀសវាងទៅឈរប្រជ្រៀតគ្នាច្រើន នាំឲ្យបាត់បង់សណ្តាប់ធ្នាប់ និងអាចឆ្លងជំងឺកូវីដជាដើម។

មន្ត្រីរដ្ឋបាលខេត្តបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះ ចាក់វ៉ាក់សាំង គឺសូមរួសរាល់ទាក់ទងសុំចុះឈ្មោះនៅតាមឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ។ ព្រោះយុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងត្រូវរៀបចំឡើងជាបន្តបន្ទាប់ នៅគ្រប់ក្រុង-ស្រុក ទូទាំងខេត្តព្រះសីហនុ  ក្រោយសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់មករដ្ឋបាល ខេត្តព្រះសីហនុ ជាអាទិភាព ដើម្បីចាក់ជូនពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ​មានចំនួនជាង ១៩មុឺននាក់ ដែលមិនទាន់បានចាក់វ៉ាក់សាំងកន្លងមក។ ហើយថា យុទ្ធនាការធំ ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ នឹងចាប់ផ្តើមអនុវត្តន៍ផ្លូវការ ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០២១តទៅ។

​យ៉ាងនេះក្តី សកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កំពុងចាប់ផ្តើមជាបណ្តើរៗរួចហើយ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០២១នេះ នៅតាមមូលដ្ឋានមួយចំនួន ក្នុងខេត្តព្រះសីហនុ ដើម្បីពន្លឿនឲ្យយុទ្ធនាការនេះ ឲ្យឆាប់រួចរាល់តាមផែនការ ដែលបានគ្រោងទុក។

រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់គោលដៅចំនួន ១៩ ទីតាំងផ្សេងគ្នា សម្រាប់រៀបចំជាកន្លែងចាក់វ៉ាក់សាំង ជូនពលរដ្ឋរស់នៅ ខេត្តព្រះសីហនុ។ ក្នុងនោះ​ក្រុងព្រះសីហនុ មានចំនួន ០៥​ទីតាំង- ស្រុកព្រៃនប់ ០៥ទីតាំង- ស្រុកកំពង់សីលា ០៤ទីតាំង- ក្រុងកោះរ៉ុង ០២ទីតាំង ​និងស្រុកស្ទឹងហាវ ចំនួន ០១ទីតាំង។ ក្រៅពីនេះ ក៏​មានរៀបចំនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ១ទីតាំង និងតំបន់សេដ្ឋកិច្ចចេជាង ០១ទីតាំង នៅ​ស្រុកព្រៃនប់។ ហើយថា យុទ្ធនាការនេះ មានក្រុមបុគ្គលិកពេទ្យចម្រុះ សម្រាប់ទទួលលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ រួមមាន៖ ក្រុមគ្រូពេទ្យមកពីមន្ទីរសុខាភិបាលខេត្តព្រះសីហនុ- ក្រុមគ្រូពេទ្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម- គ្រូពេទ្យកងពលតូចលេខ៧០ និងក្រុមគ្រូពេទ្យមកពីកងកម្លាំងត្រែទ័ពជាដើម៕

អត្ថបទដែលជាប់ទាក់ទង