រថយន្តកុងតឺន័របុកគ្នា តាមផ្លូវជាតិលេខ៤​ខេត្តព្រះសីហនុ ស្លាប់មនុស្សម្នាក់ និងរបួសមួយចំនួន

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកកំពង់សីលា បានឲ្យដឹងថា នាព្រឹក​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធន់ធំចំនួន ០២​គ្រឿង បានបុកប៉ះគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង​ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបណ្តាលឲ្យអ្នកបើកបរម្នាក់ស្លាប់ គៀបជាប់នៅក្នុងរថយន្ត​។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយរថយន្តផ្ទុកកុងតឺន័រ​ក្បាលពណ៌ស​ លាយបៃតង​ ម៉ាក HINO ពាក់ស្លាកលេខ​ ភ្នំពេញ​ 3A-2887 បុកប៉ះជាមួយ​រថយន្តផ្ទុកកុងតឺន័រ ក្បាលពណ៌​ស​ ម៉ាក Frightliner ពាក់ស្លាកលេខ​ ព្រះសីហនុ​ 3A-1427 អ្នកបេីកបរ (រត់គេចបាត់) ក្នុង​ទិសដៅផ្ទុយគ្នា​ បណ្ដាល​អោយអ្នកបេីកបររថយន្ត HINO ឈ្មោះ​ លី​ រ៉ាវី​ អាយុ ៣៣ឆ្នាំ​ ភេទប្រុស​ មានទីលំនៅ ឃុំជីរោទ៍​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ស្លាប់នៅនឹងកន្លែង​ ហេីយអ្នករួមដំណេីរចំនួន​ ០២នាក់​ទៀតរងរបួស។ ក្នុងនោះមានឈ្មោះ ឆាយ​ ឡែន​ ភេទ​ស្រី​ អាយុ​៣៥ឆ្នាំ​ មានទីលំនៅខេត្តព្រៃវែង​ រងរបួសស្រាល​ ត្រូវជាប្រពន្ធអ្នកបេីកបរខាងលើ និងឈ្មោះ ឯល​ សុខហេង​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ មានទីលំនៅខេត្តព្រៃវែង​ រងរបួសស្រាល​​។

ក្រោយកើតហេតុ អ្នករងរបួសទាំង ០២នាក់ ត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។ ចំណែកអ្នកបើកបររថយន្តកុងតឺន័រម៉ាក Frightliner ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីនាំខ្លួនយកមកដោះស្រាយតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង