ឡបុរាណសម្រាប់ផលិតកុលាលភាជន៍ មានអាយុជាង១ពាន់ឆ្នាំ នៅជើងភ្នំគូលែន ត្រូវបំផ្លាញដោយ..

ខេត្តសៀមរាប៖ អភិបាលស្រុកបន្ទាយស្រី គឺលោក ឃឹម ហ្វីណង់ នៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហោះអត្ថបទមួយនៅតាមបណ្តាញហ្វេសប៊ុក របស់លោក ទាក់ទងទីតាំងឡបុរាណ សម្រាប់ផលិតកុលាលភាជន៍ ដែលមានអាយុកាលជាង ១០០០ឆ្នាំនៅជើងភ្នំគូលែន ហើយបច្ចុប្បន្ននេះ ត្រូវទទួលរងការឈូសឆាយលើកផ្លូវ ដើម្បីចូលទៅក្នុងសហគមន៍ពីសំណាក់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ស្ថានីយទ្បដុតកុលាលភាជន៍បុរាណមួយនេះ ស្ថិតនៅជាប់នឹងត្រពាំងបុរាណមួយឈ្មោះ ”ត្រពាំងនាងសណ្តាយ” ដែលជាអតីតកន្លែងផលិតកុលាលភាជន៍បុរាណ ដ៏ធំមួយនាដើមសម័យអង្គរ។

ប្រភេទស្រទាប់រលោងពណ៌បៃតង បានចាប់ផ្តើមផលិត ក្នុងរវាងសតវត្ស ទី៩-១០ នៃគ.ស ដែលកុលាលភាជន៍ចេញពីតំបន់នេះ ហើយធ្លាប់ត្រូវបានគេប្រទះឃើញនៅតាមស្ថានីយកំណាយផ្សេងៗ ក្នុងខេត្តសៀមរាប ក៏ដូចជាតំបន់ផ្សេងៗទៀត នៅភាគខាងត្បូង នៃប្រទេសវៀតណាមសព្វថ្ងៃទៀតផង។

ពិតមែនតែទីតាំងនេះ ធ្លាប់ត្រូវបានសិក្សាបុរាណវិទ្យាក្នុងពេលកន្លងមក និងត្រូវបានចុះក្នុងបញ្ជីបុរាណដ្ឋានរួចហើយក្តី ប៉ុន្តែកង្វះខាត នៃថវិកាទ្រទ្រង់មិនទាន់អនុញ្ញាតឱ្យការងារអភិរក្សធ្វើទៅបាននៅឡើយទេ។

លោកអភិបាលស្រុកបន្ទាយស្រី បានបង្ហាញការសោកស្តាយ ដែលល្បឿន នៃការងារអភិរក្សដើរក្រោយល្បឿន នៃតម្រូវការអភិវឌ្ឍន៍ ហើយរឹតតែសោកស្តាយ ដែលអ្នកភូមិសសី មិនទាន់មានលទ្ធភាពអាចស្វែងយល់ពីគុណតម្លៃដ៏ធំធេង នៃទ្រព្យកំណប់មហាសាល ដែលមាននៅក្នុងភូមិរបស់ខ្លួន។

យ៉ាងនេះក្តី លោក ឃឹម ហ្វីណង់ សង្ឃឹមថា ថ្ងៃណាមួយ នឹងមានឱកាសសហការជាមួយ អាជ្ញាធរជាតិអប្សរា បង្កើតវគ្គអប់រំផ្សព្វផ្សាយដល់អ្នកភូមិសសី ឱ្យបានយល់ពីគុណតម្លៃ នៃបេតិកភណ្ឌប្រវត្តិសាស្ត្រ និងលក្ខណៈពិសេសរបស់វា ដើម្បីឱ្យសហគមន៍មូលដ្ឋាន អាចចូលរួមស្រលាញ់ថែរក្សាឱ្យតម្លៃ និងជួយការពារសម្បត្តិដ៏មានតម្លៃនេះ ឲ្យបានទាំងអស់គ្នា។ ហើយថា បើសិនជាប្រជាណលរដ្ឋ អាចនាំគ្នាបង្កើតជាទ្បដុតកុលាលភាជន៍ និងផលិតជាផលិតផល ដើម្បីលក់ដូរទៅតាមទំនៀមទម្លាប់ដើមប្រចាំភូមិរបស់ខ្លួនទៀតនោះ គឺរឹតតែប្រសើរមែនទែន។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បន្តថា តាមការពិនិត្យជាក់ស្តែង ការឈូសឆាយធ្វើផ្លូវរបស់ពលរដ្ឋ នៅចំណុចខាងលើនេះ គឺមិនទាន់បានប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធ និងគ្រឿងបង្គុំរបស់ឡនៅឡើយទេ។ តែជាវិធានការណ៍បន្ទាន់ ក្រុមការងារចម្រុះរបស់រដ្ឋបាលស្រុក និងអាជ្ញាធរជាតិអប្សរា បានដាក់របាំងការពារ ហាមឃាត់ការឈូសឆាយបន្ត កាយប្រមូលដី ដែលបានយកចេញពីជើងទួលមកពូនបិទកន្លែងខូចខាតទ្បើងវិញ។ ជាងនេះទៀត អាជ្ញាធរ ក៏បានអប់រំណែនាំឱ្យប្រជាជន រស់នៅក្បែរស្ថានីយនេះ ជួយអភិរក្ស និងរក្សាគម្លាតឱ្យដាច់ចេញពីទីទួលបុរាណនេះផងដែរ។

អាជ្ញាធរជាតិអប្សរា ក៏នឹងសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ដោយរៀបចំបោះបង្គោលព្រំការពារបុរាណដ្ឋានទាំងនេះ ដើម្បីបញ្ជៀសការឈូសឆាយនៅថ្ងៃមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង