មនុស្សវ័យចាស់សំណូមពរ ​សម្តេច ហ៊ុន សែន ជួយពិនិត្យ​លើការលក់ដី​ទួលអង្គលោកតា​ដែលជាទួលបុរាណ​ ថាតើមានជាប់ពាក់ព័ន្ធជាមួយ លោក សន ស៊ិន ចៅ​សង្កាត់គោករកាឬទេ?

រាជធានីភ្នំពេញ៖ មនុស្សវ័យចំណាស់ជាច្រើននាក់ បង្ហាញការសោកស្តាយ និងហួសចិត្ត ក្រោយពួកគាត់បានទទួលព័ត៌មានមកថា ទីតាំងដីត្រពាំងអង្គ ឬហៅថា ទួលអង្គលោកតា ​មានទំហំសរុបចំនួន ៤២៥៧ម៉ែត្រការ៉េ ​នៅ​ភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលត្រូវបានគេឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ រត់ការលក់ទៅឲ្យឈ្មួញដី បំផ្លាញដល់ទីទួលបុរាណមួយកន្លែង ដែលមានស្រះទឹកព័ទ្ធជុំវិញ សម្រាប់គោរពបូជាជំនឿសាសនាតាំងពីដូនតារៀងមក ត្រូវបានគេរត់ការលក់ឲ្យឈ្មួញស្ងាត់ៗ ក្រោរូបភាពមានការស្នើសុំពីអ្នកភូមិលក់ទៅឲ្យឈ្មួញ ដើម្បីយកលុយរាប់សិបម៉ឺនដុល្លារចែកគ្នាចាយ។

ផ្តើមពីបញ្ហានេះ មនុស្សវ័យចំណាស់ជាច្រើននាក់ ដែលធ្លាប់យកបរិវេណទួលបុរាណ នៃទួលអង្គលោកតា ធ្វើជាកន្លែងគោរពជំនឿសាសនាជាបន្តបន្ទាប់មកនេះ បានសំណូមពរដល់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយទប់ស្កាត់សម្មភាពរត់ការលក់ដីទួលបុរាណ ត្រពាំងទួលអង្គ មានទីតាំងនៅក្នុងសង្កាត់គោករកា ឲ្យបានគង់វង្ស ត្បិតទីតាំងសម្រាប់ពិធីសាសនាផ្សេងៗ តាំងពីដូនតា ដែលត្រូវបានគេឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ លួចលក់ទៅឲ្យឈ្មួញស្ងាត់ៗ និងកំពុងដឹកដីអាចម៍ដីចាក់លុបត្រពាំងទួលអង្គ ឬទួលអង្គលោកតា ឲ្យបានឆាប់ ត្បិតសកម្មភាពដឹកដីចាក់លុបស្រះទឹកបុរាណមួយនេះកំពុងធ្វើសកម្មភាពរាល់ថ្ងៃជិតរលាយហិនហោចអស់ទៅហើយ។

យ៉ាងនេះក្តី ប្រភពបានអះអាងថា បរិវេណដីទួលបុរាណ ត្រពាំងទួលអង្គ មានទីតាំងនៅមូលដ្ឋានសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ​មានទំហំផ្ទៃដីជាង ៤ពាន់ម៉ែត្រការ៉េ​ គឺត្រូវបាន លោក សន ស៊ិន ចៅសង្កាត់គោករកា ​ស៊ីញ៉េឯកភាព ឲ្យមានការលក់ដូរស្ងាត់ៗរួចហើយ ដោយសំអាងថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានផ្តិតស្នាមមេដៃ ស្នើសុំមករូបលោក។

ត្រង់ចំណុចនេះ ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិបែកបក បានស្នើដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេស លោក ឱម យ៉ិនទៀត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជួយបញ្ជូនមន្ត្រីស្អាតស្អំ ឲ្យចុះស៊ើបអង្កេតទៅលើសកម្មភាព​អនុវត្តការងារ របស់ លោក សន ស៊ិន ចៅសង្កាត់គោករកា ថាតើមានជាប់ពាក់ព័ន្ធអ្វីខ្លះ ជាមួយឈ្មួញ ក្នុងការរត់ការលក់ដីបរិវេណត្រពាំងទួលអង្គ ឬ​ទួលអង្គលោកតា ដែលជាទីសក្ការៈបុរាណ នៅមូលដ្ឋានរបស់ខ្លួនទៅឲ្យឈ្មួញ ដោយស្ងាត់ៗបែបនេះ។

ប្រភពបន្តថា ដើមឡើយដីត្រពាំងអង្គនេះ​ជាដីរួម របស់ប្រជាពលរដ្ឋភូមិបែកបក សម្រាប់គោរពបូជាតាមជំនឿងតាំងពីដូនតារៀងមក ដោយនៅទីនោះមានទួលអង្គបុរាណ និងស្រះទឹកព័ទ្ធជុំវិញ ប៉ុន្តែដោយសារមានការទន្ទ្រានយកចំណែកខ្លះ នៃទួលអង្គនេះ ក៏ត្រូវបានក្លាយជាកម្មសិទ្ធិរបស់បុគ្គល។ ហើយបច្ចុប្បន្ននេះ ដីត្រពាំងអង្គ មានទំហំ ៤២៥៧ម៉ែត្រការ៉េ ក៏មានអ្នករត់ការ លក់ទៅឱ្យឈ្មួញបន្តទៀត ដោយដឹកអាចម៍ដីចាក់បំពេញ​រួចរាល់ហើយដែរ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ខណៈកំពុងចាក់ដីបំពេញនេះ ក្រុមអ្នករត់ការលក់ដីទួលអង្គលោកតា គឺបានយកប្រាក់ពីក្រុមឈ្មួញដីចំនួន ៣០ភាគរយរួចហើយ ដើម្បីយកទៅរត់ការធ្វើប្លង់ទន់ត្រឹមខណ្ឌព្រែព្នៅ យ៉ាងប្រញាប់ប្រញាល់បំផុត ហើយប្លង់ទន់នេះ ក៏ធ្វើរួចរាល់ជាស្ថាពរហើយដែរ។

ទាក់ទិនបញ្ហានេះ សារព័ត៌មាន «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើមបំភ្លឺជុំវិញការលក់ដីស្រះទួលអង្គ នៅសង្កាត់គោករកា បានទេ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។

ប្រភព​បានបន្ត​ថា ទីតាំងដីខាងលើលក់ ត្រូវបានគេលក់ក្នុងតម្លៃមួយម៉ែត្រការ៉េថ្លៃ ២០០ដុល្លារអារមេរិក។ ហើយបើយក ២០០ដុល្លារ គុណនឹង ៤២៥៧ម៉ែត្រការ៉េ គឺស្មើទឹកលុយជាង ៨៥ម៉ឺនដុល្លារអាមេរិក។ ប៉ុន្តែតម្លៃហាងឆេងជាក់ស្តែង មិនមែនមានតម្លៃត្រឹម ២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េនោះទេ គឺច្រើនជាងនេះទ្វេដងឯណោះ។ ក្នុងនោះលុយដែលទទួលបានពីការលក់ដូរទួលបុរាណ ឬដីត្រពាំងទួលអង្គខាងលើនេះ គឺគេបែងចែកជា ០៣ចំណែករួមមាន៖ ទី១- អាជ្ញាធរសង្កាត់គោករកាយកចំនួន ៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដោយលើកហេតុផលថា សេវារត់ការ។ ទី២- សម្រាប់ក្រុមអ្នកតំណាងប្រជាពលរដ្ឋជាង ១០នាក់ យកកម្រៃជើងសារចំនួន ២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងសល់ ១៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ គឺសម្រាប់ផ្តល់ជូនទៅឲ្យអ្នកភូមិចែកគ្នា។

យ៉ាងណាក៏ដោយចុះ ប្រភពពីប្រជាពលរដ្ឋរស់នៅសង្កាត់គោករកា បានចោទ លោក សន ស៊ិន ចៅសង្កាត់គោករកា ថាមានជាប់ពាក់ព័ន្ធ ជាមួយនឹងសកម្មភាពទិញល់ដីត្រពាំងទួលអង្គ ឬទួលអង្គលោកតា មានផ្ទៃដីសរុបជាង ៤ពាន់ម៉ែត្រការ៉េ ទៅឲ្យឈ្មួញ ដែលត្រូវជាគូកនជាមួយគ្នា។

ទោះជាបែបនេះក្តី លោក សន ស៊ិន ចៅសង្កាត់គោករកា បានឲ្យសារព័ត៌មាន «កម្ពុជាថ្ងៃនេះ» ដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយទទួលស្គាល់ថា ពិតជាមានការលក់ដីត្រពាំងទួលអង្គឬទួលអង្គលោកតា មានទីតាំងនៅភូមិ​បែកបក មានទំហំផ្ទៃដីសរុបជាង ៤ពាន់ម៉ែត្រការ៉េ ពិតប្រាកដមែន។ ប៉ុន្តែការលក់ដូនេះ គឺដោយមានការស្រុះស្រួលគ្នា រវាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបរូបលោកក្នុងនាមអាជ្ញាធរ ក៏បានស៊ីញ៉េ ឬលៃលកជួយរត់ការលក់ដូរដីសហគមន៍នេះ ជូនប្រជាពលរដ្ឋទៅតាមការស្នើសុំរបស់ពួកគាត់។ លោកចៅសង្កាត់បន្តថា ចំពោះការលក់ដីទីទួល​ ជាទីសក្ការៈគោរពបូជា​ ឬដីត្រពាំងទួលអង្គ ដែលពលរដ្ឋធ្លាប់យកទីកន្លែងនេះ សម្រាប់រៀបចពិធីសាសនាផ្សេងៗជាបន្តបន្ទាប់មកនេះ គឺមិនជាប់ពាក់ព័ន្ធនឹងរូបលោកទេ។ តែផ្ទុយទៅវិញ គឺជា​ការសម្រេចចិត្តរួម របស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះទៅវិញទេ។

លោកចៅសង្កាត់គោករកា បន្តថា​ ចំពោះការលក់ដូរទីតាំងដីត្រពាំងទួលអង្គ ​​ក្នុងមូលដ្ឋាន​នេះ ​គឺធ្វើឡើងដោយមានការឯកភាពគ្នា រវាងប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីយកលុយពីការលក់ដីបរិវេណនេះ សម្រាប់ចំណាយទៅលើការងារអភិវឌ្ឍប្រព័ន្ធ​ផ្លូវ ឬលូបង្ហូរទឹក ក្នុងមូលដ្ឋាននេះ ទុកសម្រាប់ជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ព្រោះលុយដែលថ្នាក់លើទម្លាក់មកមានការយឺតយ៉ាវពេក។ យ៉ាងនេះក្តី ប្រភពមួយចំនួន បានអះអាងថា លុយដែលទទួលបានពីការលក់ដី​ទួលបុរាណខាងលើនេះ​ ធ្វើឡើងដើម្បីចែកលុយគ្នាចាយទៅវិញទេ ព្រោះដីនៅតំបន់នោះ កំពុងមានហាងឆេងខ្លាំង ឬជាដីមាសដីពេជ្រ។

យ៉ាងនេះក្តី ​មនុស្សវ័យចំណាស់មួយចំនួន ដែលមិនយល់ព្រមឲ្យមានការលក់ដូរបរិវេណដីត្រពាំងអង្គ ឬហៅ ទួលអង្គលោកតា បានចោទ អាជ្ញាធរមូលដ្ឋានចាប់ពីថ្នាក់ភូមិ និងសង្កាត់ ថាមានជាប់ពាក់ព័ន្ធនឹងការរត់ការ ​​លក់ទីទួលគោរពបូជានៅមូលដ្ឋាននេះ ទៅឲ្យឈ្មួញជាថ្នូរទទួលបានប្រាក់កម្រៃជើងសាររាប់សិបម៉ឺនដុល្លារ ដើម្បីចែកគ្នាចាយ។

គួរបញ្ជាក់ថា ជាបន្តបន្ទាប់មកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ក្រើនរំលឹកដល់ អាជ្ញាធរនៅតាមមូលដ្ឋាននានា ត្រូវរក្សាដីរួមភូមិកុំឲ្យមានការលក់ដូរ ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម នៅក្នុងសហគមន៍យូរអង្វែង ដោយប្រែទីតាំងបរិវេណដីទាំងនោះ ឲ្យក្លាយទៅកន្លែងហាត់ប្រាណ ឬទីលានហាត់កីឡាជាដើម។ ប៉ុន្តែការណែនាំនេះ មិនត្រូវបានអាជ្ញាធរនៅតាមមូលដ្ឋាននីមួយៗ យកចិត្តទុកដាក់ ឬយកមកអនុវត្តតាម ឲ្យមានប្រសិទ្ធភាពនោះទេ។ ជាក់ស្តែងដូចជាករណីដីត្រពាំងអង្គ ឬហៅថា ទួលអង្គលោកតា មានទីតាំងនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាឧទារហណ៍ស្រាប់ គឺត្រូវបានអាជ្ញាធរសង្កាត់ បានសម្រេចឯកភាព ឲ្យមានការលក់ដូរទីទួលអង្គបុរាណ ដែលមានស្រះទឹកព័ទ្ធជុំវិញ សម្រាប់គោរពបូជាតាមជំនឿងតាំសាសនាតាំងពីដូនតារៀងមកជាឧទាហរណ៍ស្រាប់៕

អត្ថបទដែលជាប់ទាក់ទង