​មន្ត្រីនគរបាលខត្តព្រះសីហនុ ​ឃាត់ខ្លួនបុរសម្នាក់ បាញ់អតីតប្រពន្ធមួយគ្រាប់របួសធ្ងន់

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលខត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស ជនជាតិខ្មែរ បានប្រើអាវុធខ្លីបាញ់អតីតប្រពន្ធខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា ហេតុការណ៍នេះ បាននៅម៉ោងជិត៧យប់ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ បង្កដោយជនសង្ស័យ អតីតប្តីរបស់ស្ត្រីរងគ្រោះ បានប្រើអាវុធខ្លី បាញ់ទៅអតីតប្រពន្ធ ​០១គ្រាប់ ចំទ្រូងខាងឆ្វេងរបួសធ្ងន់ ហើយជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់។

ក្រោយហេតុការណ៍ លោកឧត្តមទោស្នងការ ក៏បានបញ្ជាកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍នគរសង្កាត់លេខ​៤ ឲ្យចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ដើម្បីហុំព័ទ្ធបរិវេណគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះ ដែលជនសង្ស័យសម្ងំលាក់ខ្លួន និងធ្វើការស្វែងរកជនសង្ស័យយ៉ាងចិត្តទុកដាក់ រហូតដល់ម៉ោង ១១ និង៣០នាទីព្រឹក ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ​ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ​ នៅចំណុចអាគារ ក្នុងព្រៃមួយកន្លែងក្បែរផ្ទះស្ត្រីរងគ្រោះ។ បន្ទាប់មក ក៏បានបន្តស្វែងរកវត្ថុតាងអាវុធខ្លី ដែលជនសង្ស័យ បានបោះចោលពេលធ្វើសកម្មភាពរួច និងបានរកឃើញនៅចំណុចគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះ រួចបាននាំជនសង្ស័យ និងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរ​បាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី​។

សមត្ថកិច្ចបន្តថា ស្ត្រីរងគ្រោះឈ្មោះ ផង់ សុភាព ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ​លក់ដូរ មានទីលំនៅក្រុមទី​២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ (បច្ចុប្បន្នកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ) បានរងរបួសត្រូវគ្រាប់កាំភ្លើង ០១គ្រាប់ ចំទ្រូងខាងឆ្វេងរបួសធ្ងន់​។

រីឯជនសង្ស័យឈ្មោះ ជា សុវណ្ណារ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ​មិនពិតប្រាកដ មានទីលំនៅក្រុមទី​២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ​។
វត្ថុតាងចាប់យកបានរួមមាន៖ កាំភ្លើងខ្លី ០១ដើមម៉ាក K54 ពណ៌ខ្មៅ ឈូសលេខ បង់០១ និងគ្រាប់ចំនួន ០៦គ្រាប់​៕

អត្ថបទដែលជាប់ទាក់ទង