នគរបាល​ស្រុក​ល្វាឯម​ ចុះ​ឃាត់​ក្រុម​អ្នក​បើករថយន្ត​ធុន​ធំ មក​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ ឲ្យបើកបរត្រូវគោរព​ច្បាប់​ចរាចរណ៍​

ខេត្ត​កណ្តាល​៖​ ក្រោយមានប្រជាពលរដ្ឋ បាន​រាយការណ៍​ក្នុង​ប្រអប់​សារ​របស់​ផេ​ក ​(page)​ របស់ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​ខ្លឹមសារ​ថា​ «​ខ្ញុំបាទ​សូម​គោរព​ដល់​ លោក​ឧត្តមសេនីយ៍​ទោ​ ឈឿ​ន​ សុចិត្រ​ ស្នងការ​នគរបាល​ខេត្តកណ្ដាល​ និង​មន្ត្រី​ក្រោម​ឱវាទ​ សូម​មេត្តា​ជួយ​មក​ពិនិត្យ​នៅ​ឃុំ​ សារិកាកែវ​ ស្រុក​ល្វាឯម​ ខេត្តកណ្ដាល​ ផង​ចុះ​ ព្រោះ​ឡាន​ដឹក​ដី​បើកបរ​យ៉ាង​អនាធិប​តេយ្យ​ វ៉ា​ជែង​គ្មាន​គិត​ពី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​លើ​ដងផ្លូវ។ ហើយម្យ៉ាងវិញទៀត​ ការដឹក​ដីបាន​ជ្រុះ​ពេញ​ផ្លូវថ្នល់​ បណ្ដាល​ឲ្យ​ហុយ​ ប៉ះពាល់​ដល់​សុខភាព​ និង​ អ្នក​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ ហើយ​ពេល​ខ្លះ​ស៊ី​ផ្លេ​ដេញ​គ្នា​ដូច​ប្រណាំង​ឡាន​ស្ទើរតែ​គាំងបេះដូង​។​ សូម​មេត្តា​ជួយ​រក​ដំណោះស្រាយ​ផង​ ព្រោះ​នេះ ​ជា​លើក​ទី​២​ហើយ ​ដែល​ខ្ញុំ​រាយការណ៍​ ព្រោះ​លើក​ទី​១​ មិន​ទទួល​បាន​លទ្ធផល​សោះ​។​»

​ពាក់ព័ន្ធ​​សេចក្តីរាយការណ៍​ខាងលើ​នេះ ​​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម​ បាន​ឆ្លើយ​តប​ ជូន​គណនី​ហ្វេ​ស​ប៊ុ​ក ​(Facebook)ថា​​​៖​ ​ក្រោយ​ពី​ទទួល​ព័ត៌​មាន​ភ្លាម​ លោក​វរសេនីយ៍ឯក​ ហេង​ សុផល​ អធិការ​នគរបាល​ស្រុក​ល្វាឯម​ បាន​បញ្ជា​ទៅ​លោក​ អធិការរង​ទទួល​ផែន​ការងារ​សណ្តាប់ធ្នាប់​ចរាចរណ៍ ​និង​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សារិកា​កែវ​ ឲ្យ​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ ពិនិត្យ​មើល​ដល់ទី​តាំង​ផ្លូវ​លេខ​៣៨០​ គឺ​មាន​ស្ថានភាព​ជ្រុះ​ដី​ ហុយ​ពិតប្រាកដ​មែន​ ហើយ​ចំពោះ​ការ​បើក​វ៉ា​ជែង​ បើ​មាន​សមត្ថកិច្ច​យើង​ល្បាត​តាម​ដងផ្លូវ​ ពួក​ក្រុម​​ឡាន​ដឹក​ដី​នេះ ​ពុំ​ហ៊ាន​ធ្វើ​សកម្មភាព​វ៉ា​ជែង​ស៊ី​ផ្លេ​ដេញ​គ្នា​ឡើយ​។​

នាឱកាសនោះ សមត្ថកិច្ច​​ក៏​បាន​អនុវត្តន៍​ជំនាញ ដោយហៅអ្នកបើកបររថយន្តដឹកដីទាំងអស់នោះ មក​ត្រួតពិនិត្យ​និង​ណែនាំ​អប់រំ​ពី​ច្បាប់​ចរាចរណ៍​ ហើយ​ក៏បាន​ឲ្យ​ពួក​គាត់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បើក​​ល្បឿន​លឿន​វ៉ា​ជែង​ និង​ឲ្យ​គ្រប​ដី​មិន​ឲ្យ​ជ្រុះ​ លើ​ថ្នល់​បណ្តាល​ឲ្យ​ប្រឡាក់​ថ្នល់​ហុយ​ ប៉ះពាល់​សុខភាព​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ និង​អ្នក​ធ្វើ​ដំណើរ​ ហើយ​ពួក​គាត់​បាន​សន្យា​អនុវត្តន៍​​ឲ្យ​បាន​តាម​ការ​ណែនាំ៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង