យុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនពលរដ្ឋ និងកម្មករកម្មការិនី នៅទូទាំងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលអភិបាលខេត្តព្រះសីហនុ អមដំណើរលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងនៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅទូទាំងខេត្តព្រះសីហនុ។

លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការ ចាក់វ៉ាក់សាំង មានប្រសាសន៍ថា ថ្ងៃនេះ កងយោធពលខេមរភូមិន្ទ បានសហការជាមួយរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលខេត្តទាំង០៤ រួមមាន៖ ខេត្តព្រះសីហនុ- កោះកុង កំពង់ស្ពឺ- និងខេត្តតាកែវ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ព្រមៗគ្នាតែម្តង។ ហើយកន្លងមក មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានចាក់វ៉ាក់សាំងជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្ត បានមួយជំហ៊ានរួចមកហើយដែរ។

លោកបន្តថា ខេត្តទាំង០៤ មានប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងសរុបចំនួន ១.២៤៤.០០០នាក់ ដោយឡែកកងយោធពលខេមរភូមិន្ទ ទទួលភារកិច្ចចាក់វ៉ាក់សាំងចំនួន ៨១ម៉ឺននាក់។ ចំពោះខេត្តព្រះសីហនុ មានប្រជាពលរដ្ឋ ត្រូវចាក់វ៉ាក់សាំងចំនួន ១៩៣.១៦៥នាក់។ ក្នុងនោះកងយោធពលខេមរភូមិន្ទ ទទួលភារកិច្ចចាក់ ១១៦.៩៣៥នាក់ ក្រៅពីនោះ គឺមន្ទីរសុខាភិបាលខេត្តចាក់ជូន។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃគ្រប់ព្រះអង្គ បានថ្លែងអំណរគុណ សម្តេចតេជោ ដែលសម្តេចខិតខំរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋ និងបានដាក់ចេញ នូវវិធានការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ពិសេសថ្ងៃនេះ សម្តេច បានដឹកនាំចាត់ចែងកងកម្លាំងចេញធ្វើសកម្មភាពដោយផ្ទាល់ គឺចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។
លោកបន្តថា ក្នុងនាមអាជ្ញាធរខេត្ត បានធ្វើកិច្ចសហការជាមួយ ក្រុមការងារចាក់វ៉ាក់សាំង ព្រមទាំង បានដាក់ចេញ នូវផែនការលម្អិត ចាត់ចែងអញ្ជើញបងប្អូនប្រជាពលរដ្ឋ ឱ្យពួកគាត់មកតាមការចាត់ចែង របស់អាជ្ញាធរ ដើម្បីមានសណ្តាប់ធ្នាប់ អនុវត្តវិធានការណ៍ ៣.ការពារ និង៣.កុំ  របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ប្រសិនបើប្រជាពលរដ្ឋមកតាមការរៀបចំ របស់អាជ្ញាធរ អាចជួយពន្លឿនដល់ការចាក់វ៉ាក់សាំង បានលឿន ព្រោះបេសកកម្ម របស់កងយោធពលខេមរភូមិន្ទ មិនមែនមានតែខេត្តព្រះសីហនុមួយទេ គឺមានរាជធានី-ខេត្តទាំង២៥ ត្រូវបន្តបេសកកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ដូច្នេះគោលដៅនីមួយៗ ត្រូវខិតខំសហការគ្នា ដើម្បីឱ្យបេសកកម្មចាក់វ៉ាក់សាំង បានលឿន ហើយនិងត្រូវអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដើម្បីឱ្យវ៉ាក់សាំងជ្រាបចូលក្នុងខ្លួន។

នាឱកាសនោះដែរ លោកអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងពេលតែមួយយើងមិនអាចចាក់វ៉ាក់សាំងនេះ ជូនប្រជាពលរដ្ឋបានទាំងអស់គ្នានោះទេ ត្រូវតែមានអ្នកមុន និងអ្នកក្រោយជាបន្តបន្ទាប់ ទៅតាមចំនួនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមតាមការណែនាំរបស់អាជ្ញាធរ ទើបការរៀបចំដំណើរការចាក់វ៉ាក់សាំងនេះ អាចប្រព្រឹត្តទៅបានដោយរលូន និងទទួលបានអត្ថប្រយោជន៍ទាំងអស់គ្នា៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង