​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់តំណាងឲ្យនាំយកជំនួយ​ផ្តល់ជូន រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ​ចាត់​ឱ្យ លោកបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជា​អនុប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ ​នាំយកជំនួយមួយចំនួនមកប្រគល់ជូន រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ (សហគមន៍ ២០កុម្ភ:) នៅក្នុងខេត្តព្រះសីហនុ។ ជំនួយនេះ បានប្រគល់ជូន កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ។

ទន្ទឹមនឹងនោះ លោកបណ្ឌិត សុខ ប្រសិទ្ធិ ​មានប្រសាសន៍ថា ​ជំនួយទាំងនេះ​ រួមមាន៖ អង្ករ ០៥តោន, មីជាតិ ១០០កេស, ទឹកសុទ្ធ ៤៥០កេស, ទឹកស៊ីអ៉ីវ ១០០យួរ, ទឹកត្រី ១០០យួរ, ត្រីខ ២៥កេសធំ, ម៉ាស ៣០០ប្រអប់, អាកុល ០៥កាន និងថវិកាចំនួន ២០លានរៀល។ ហើយថា ជំនួយទាំងនេះ ផ្តល់ជូន​រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ និងបន្តចែកជូនប្រជាពលរដ្ឋដែលខ្វះខាត ក្នុងបរិបទ នៃជំងឺកូវីដ-១៩ និងជនរងគ្រោះ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

នាឱកាសនោះដែរ លោក គួច ចំរើន​ ​អភិបាល​ខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និង​ប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមថ្លែងអំណរគុណ​ ចំពោះលោក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រតិភូ ដែលបាននាំយកជំនួយមកផ្តល់ជូនរដ្ឋបាលខេត្តព្រះសីហនុ នៅពេលនេះ។ លោកអភិបាលចាត់ទុក សកម្មភាពមនុស្សធម៌ខាងលើនេះ ថាជាការ​ចែករំលែក នូវធនធាន និងលើកទឹកចិត្តដល់ក្រុមការងារ ពិសេសក្រុមគ្រូពេទ្យ ដែលកំពុងបំពេញការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

ជាងនេះទៀត លោគ គួច ចំរើន ក៏បានចាត់ទុក ជំនួយទាំងនេះ ថាបានឆ្លុះបញ្ចាំឲ្យឃើញពីការចូលរួមចំណែកយ៉ាងសកម្មជាមួយ រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាក រួមទាំងអ្នក ដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ (សហគមន៍ ២០កុម្ភៈ)ផងដែរ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង