រដ្ឋបាលខេត្តព្រះសីហនុ បន្តផ្អាកការលក់​គ្រឿងស្រវឹង១៤ថ្ងៃទៀត ​ចាប់ពីថ្ងៃទី២៥ ខែមិថុនាតទៅ..

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំស្តីពីការបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

សេចក្តីណែនាំចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ មានចុះហត្ថលេខា លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានខ្លឹមសារថា ដោយសារស្ថានភាពនៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ» នៅក្នុងខេត្តនេះ នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយក៏កំពុងមានការឆ្លងរាលដាលជាបន្ទាប់ទៀតនោះ។ ដូច្នេះដើម្បីធានាការពារអាយុជីវិត​ប្រជាពលរដ្ឋ សុខភាពសាធារណៈ ក៏ដូចជាសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដូចខាងក្រោម ៖

  • គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹង នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវតែបន្តផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ។
  • គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានអាហារ-ភេសជ្ជៈ និងអាជីវករលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបន្តផ្អាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃបន្ថែមទៀត។

ផ្តើមពីបញ្ហានេះ ករណីបងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រងក្រុមហ៊ុន ឬដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មពាក់ព័ន្ធការលក់ដូរគ្រឿងស្រវឹងដូចរៀបរាប់ខាងលើ មិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវទទួលវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង