ពលរដ្ឋមានចម្ងល់ថា ហេតុអ្វី​ការិយាល័យ​រដ្ឋបាល​ និង​ហិរញ្ញ​វត្ថុ​ ស្រុក​កំពង់​សីលា​ ក្លាយជាទីតាំងលក់គម្រោងបុរីលីលី ទៅវិញ?

ខេត្តព្រះសីហនុ៖ ​ប្រភពពីមន្ត្រីរាជការនិងប្រជាពលរដ្ឋមួយចំនួនរស់នៅស្រុកកំពង់សីឡា មានចម្ងល់ថា ហេតុអ្វីបានជា ការិយាល័យ​រដ្ឋបាល​ និង​ហិរញ្ញ​វត្ថុ​ ស្រុក​កំពង់​សីលា​ ខេត្តព្រះសីហនុ ត្រូវបាន​ដាក់ធ្វើជាកន្លែងតាំងលក់គម្រោងបុរីលីលីទៅវិញ?

ត្រង់ចំណុចនេះ ទាំងសាធារណៈជន និងមន្ត្រីរាជការមានឋានៈតូចតាចមួយចំនួន នៅស្រុកកំពង់សីលា បានស្នើដល់ លោក សៅ សិរីវឌ្ឍនៈ អភិបាល​ស្រុកកំពង់សីលា ជួយបំភ្លឺជុំវិញ​កង្វល់ របស់​​ពួកគាត់ ឲ្យបានច្បាស់ផង ត្បិតរាល់ថ្ងៃនេះ ឃើញនៅក្នុងការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុកកំពង់សីលា មានដាក់តាំងគម្រោងលក់បុរី លីលី ជូនអតិថិជនទស្សនា ឬមួយក៏អាជ្ញាធរនៃរដ្ឋ​បាល​ស្រុកកំពង់សីលា ជាម្ចាស់គម្រោងបុរីខាងលើនេះ? ហើយបើសិនជាម្ចាស់គម្រោងបុរីលីលីនេះ គឺក៏មិនគួរយកទីតាំង នៃរដ្ឋបាលសាធារណៈរបស់រដ្ឋ មកធ្វើជាកន្លែងតាំងលក់គម្រោងរបស់​ក្រុមហ៊ុននោះដែរ?។

យ៉ាងនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង លោក សៅ សិរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា ដើម្បីបំភ្លឺជុំវិញ ករណី​យកការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ មកធ្វើជាកន្លែងសម្រាប់ដាក់តាំងលក់គម្រោងបុរីលីលី ខាងលើនេះទេតាមទូរស័ព្ទ នៅរសៀលថ្ងៃសៅរ៍ ទី​២៦ ខែមិថុនា ឆ្នាំ​២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង