នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ​៦នាក់ ពាក់ព័ន្ធការ​ទិញ-លក់ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខុសច្បាប់!

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ដែលជាមុខសញ្ញាទិញ-លក់ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

ទាក់ទិនការឃាត់ខ្លួននេះ មន្ត្រីអ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ គឺលោក ឃាង ភារម្យ បានទទួលស្គាល់ថា ពិតជាមានករណី មានជនខិលខូចមួយចំនួនតូច បានឆ្លៀតធ្វើសកម្មភាពទិញ-លក់ទិញប័ណ្ណចាក់វ៉ាក់សាំង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដែលផ្ទុយពីគោលការ របស់រាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋបាលខេត្ដព្រះសីហនុ។ លោកបន្តថា ការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ មិនគិតលុយទេ។ ដូច្នេះសកម្មភាព របស់ជនសង្ស័យទាំង ០៦នាក់ខាងលើនេះ ជាទង្វើខុសច្បាប់។

ផ្តើមពីបញ្ហានេះ លោក ឃាង ភារម្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿឃោសនាជនខិលខូច​ ដែលដើរនិយាយបំផ្លើសថាអស់វ៉ាក់សាំងចាក់បង្ការជំងឺកូវីដ-១៩នោះឲ្យសោះ។ ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់វ៉ាក់សាំង​មកឲ្យ រដ្ឋបាល​ខេត្ដព្រះសីហនុ គ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត និងជនបរទេស ដែលកំពុងបំពេញការងារ នៅតាមក្រុង ស្រុក ក្នុងខេត្ដព្រះសីហនុ។

ព្រមជាមួយគ្នានោះ លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បញ្ជាក់បន្ថែមថា ករណីមានជនខិលខូចលក់ប័ណ្ណចាក់វ៉ាក់សាំងជំងឺកូវីដ-១៩នេះ គឺសមត្ថកិច្ចបានស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស៍យចំនួន ០៦នាក់ ដែលជាមុខសញ្ញាពាក់ព័ន្ធសកម្មភាពទិញ-លក់ទិញប័ណ្ណចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដោយបាននាំខ្លួនមកសួរនាំ នៅអធិការនគរក្រុងខេត្តព្រះសីហនុ។

ចំណែកជនសង្ស័យ បានឆ្លើយប្រាបស់សមត្ថកិច្ចថា រូបគាត់ បានទិញសន្លឹកប័ណ្ណបំពេញព័ត៌មា នសម្រាប់ចាក់វ៉ាក់សាំងនេះ ក្នុង០ ១ច្បាប់ មានតម្លៃ ៥.០០០រៀល ហើយគាត់បានយកទៅលក់បន្ត ក្នុង ០១ច្បាប់ចំនួន ២០.០០០រៀល។

បច្ចុប្បន្នជនសង្ស័យទាំង ០៦នាក់ខាងលើនេះ កំពុងដាក់នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។ ហើយថា កម្លាំងជំនាញ ក៏កំពុងបន្ដសាកសួរ មុននឹងឈានទៅកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងនេះ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង