បិទផ្សារអ្នកលឿង ក្រោយរកឃើញអាជីវករពីរនាក់ ឆ្លងជំងឺកូវីដ-១៩!

ខេត្តព្រៃវែង៖ អាជ្ញាធរ​រដ្ឋបាលស្រុក​ពាម​រក៍ បាន​សម្រេច​បិទ​ផ្សារ​អ្នក​លឿង​ ជា​បណ្ដោះអាសន្នហើយ កាលពីព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១​នេះ ក្រោយមន្ត្រីសុខាភិបាល ​រក​ឃើញ​អាជីវករ​ពីរនាក់​ប្ដី​ប្រពន្ធ​ លក់ដូរ​ក្នុង​ផ្សារ​នេះ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩។

សមត្ថកិច្ច បានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដទាំងពីរនាក់នេះ គឺបុរស​ជា​ប្តី​ឈ្មោះ លី ឆេ​ង អាយុ​ ៦៥​ឆ្នាំ និងស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ចាន់ ផេង អាយុ​ ៦២​ឆ្នាំ។ អ្នក​ទាំង​២ពីរនាក់​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នាំយក​មក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ភ្លាម​ៗ បន្ទាប់​ពី​ពិនិត្យ​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​។

អាជ្ញាធរស្រុកពាមរក៍ បញ្ជាក់ ការ​បិទ​ផ្សារ​អ្នក​លឿង​ ជា​បណ្តោះអាសន្ន​នេះ គឺ​មិន​បាន​បិទ​ផ្សារ​ទាំងមូល​ទេ គឺ​បិទ​តែ​ស្តង់ ឬ​តូប​នៅ​ខាងក្នុង​ផ្សារ​តែ​ប៉ុណ្ណោះ។

ដោយឡែក​តូប និង​ស្តង់​តូច​ៗ​ដែល​នៅ​ខាងក្រៅ ឬ​ជុំវិញ​ផ្សារ គឺ​មិន​បាន​បិទ​នោះ​ទេ​។

អាជ្ញាធរ​ស្រុក​ពាម​រក៍ បន្តទៀតថា ទោះបី​ស្តង់​តូច​ៗ​នៅ​ជុំវិញ​ផ្សារ មិន​ត្រូវ​បាន​បិទ​ក៏​ពិតមែន ប៉ុន្តែ​អាជ្ញាធរ និង​ក្រុម​គ្រូពេទ្យ​ជំនាញ ក៏​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ពួក​គាត់ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ក្នុងនោះ ត្រូវ​អនុវត្ត​តាម​សេចក្តីណែនាំ​ របស់​ក្រសួងសុខាភិបាល ក៏​ដូច​ជាការណែនាំ​ របស់​រាជរដ្ឋាភិបាល គឺត្រូវអនុវត្តវិធានការ «៣​កុំ និង៣​ការពារ​» ឲ្យបានជាប្រចាំ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ទាំងអស់​គ្នា៕

អត្ថបទដែលជាប់ទាក់ទង