វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់​១លានដូសទៀត បានដឹកមកដល់​កម្ពុជា ​នៅ​ព្រឹកថ្ងៃ​ទី២៨ ខែមិថុនានេះ!

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac Vaccine) ចំនួន ០១លានដូសទៀត បានដឹកមកដល់ ប្រទេសកម្ពុជា​ ហើយ នៅ​​ព្រឹ​កថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។

វ៉ាក់សាំង​ចំនួន ០១លានដូសខាងលើនេះ គឺកម្ពុជា បានបញ្ជាទិញពីប្រទេសចិន ហើយក៏បានដឹកមកដល់ប្រទេសកម្ពុជារួចហើយដែរ។ សរុបទៅត្រឹម​ខែមិថុនា កម្ពុជា ទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ០៥លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាបន្ថែមទៀតផងដែរ។ ការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ គឺជាដំណោះស្រាយជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

វ៉ាក់សាំង បានក្លាយទៅជាវិធានការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋ ពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំង ជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជា សម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក។

គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែមិថុនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា បានចំនួនជិត ០៤លាននាក់ ស្មើនឹងជិត ៤០ភាគរយហើយ។ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩បានល្អ ដែលជាបុព្វហេតុមួយជួយឱ្យកម្ពុជាឈានទៅសម្រេចបានស្ថានភាពភាពសេដ្ឋកិច្ចល្អប្រសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង