លោក ហេង ណារ៉េត នាំយកជំនួយមនុស្សធម៌ចែកជូន ប្រជាពលរដ្ឋ ៣៣៣គ្រួសារ រស់ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារចុះជួយក្រុងព្រះសីហនុ តំណាងឱ្យ លោក តឹករ៉េត សំរេច ប្រធានក្រុមការងារចុះជួយក្រុងព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកជំនួយ ជាគ្រឿងឧបភោគបរិភោគ និងថ្នាំ(វីតាមីនសេ) ព្រមទាំងម៉ាស់, អាកុល ចែកជូនប្រជាពលរដ្ឋ និង​កម្លាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្លាំងប្រជាការពារក្រុង រួមទាំងបុគ្គលិកអនាម័យ នៅសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ សរុបចំនួន ៣៣៣គ្រួសារ។

ជំនួយនេះ បានផ្តល់ជូន កាលពីរសៀលថ្ងៃទី២៧ និងបន្តផ្តល់ជូន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

ទន្ទឹមនឹងនោះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ថា នាពេលកន្លងមកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ដោយបានផ្ដល់នូវស្បៀងអាហារក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាលត្បាតជាសកល ជាមួយគ្នានោះ សម្ដេចបានខិតខំប្រឹងប្រែងរិះរកវ៉ាក់សាំងចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅប្រទេសកម្ពុជា យើងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ហើយនាពេលបច្ចុប្បន្ននេះខេត្តព្រះសីហនុយើងបានអនុវត្តចាក់វ៉ាក់សាំងបានចំនួន ៤៨០០០ដូស ហើយ បើតាមផែនការចំនួនតែ៥ថ្ងៃទៀតយើងនឹងបញ្ចប់យុទ្ធនាការនេះ ដែលមានចំនួន ៧៦០០០ដូស។

លោក អ៊ី សុខឡេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងសូមរួសរាន់ទៅធ្វើការចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីចូលរួមការទប់ស្កាត់ និងការឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង។

នាឱកាសនោះ លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារចុះជួយក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងនាមលោក តំណាងឱ្យលោក សាយ សំអាល់ និងលោក តឹករ៉េត សំរេច បាននាំយកជំនួយមកចែកជូនដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ទាំងអស់នេះគឺឆ្លុះបញ្ចាំងឱ្យឃើញថាជាទឹកចិត្តស្រឡាញ់ ក្តីនឹករលឹកពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយសម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ ពីបងប្អូនប្រជាពលរដ្ឋ៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង