ថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ បន្តអំពាវនាវដល់ពលរដ្ឋ​ ឲ្យទៅចាក់វ៉ាក់សាំង​ជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ព្រោះ​ពេលវេលាជិតចប់ហើយ!

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំរដ្ឋបាលក្រុង និងខេត្តព្រះសីហនុ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមទីតាំងដែលអាជ្ញាធរបានរៀបចំ តាមមូលដ្ឋានរស់នៅរបស់ខ្លួន ឲ្យបានគ្រប់គ្នា ព្រោះពេលវេលា នៃការចាក់វ៉ាក់សាំងនេះ នឹងជិតបិទបញ្ចប់ហើយ។

មន្ត្រីសុខាភិបាល បានឲ្យដឹងថា ចំពោះអត្ថប្រយោជន៍ នៃការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ គឺអាចបង្ការជម្ងឺកូវីដ-១៩ និងបង្កើតអង់ទីគ័រក្នុងខ្លួន របស់មនុស្សម្នាក់ៗ។ ហើយថា ក្នុងករណីមានពលរដ្ឋណាម្នាក់ ឆ្លងជម្ងឺកូវីដ-១៩ គឺអាចជួយដល់អ្នកជម្ងឺ មិនឲ្យធ្លាក់ក្នុងស្ថានភាពឈឺធ្ងន់នោះទេ។ ជាងនេះទៀត រាល់ការចែកប័ណ្ណចាក់វ៉ាក់សាំង និងការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ គឺមិនគិតថ្លៃនោះទេ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា រាល់ថ្ងៃនេះឃើញវត្តមានប្រជាពលរដ្ឋរស់នៅតាមស្រុក-ក្រុងទាំង០៥ នៃខេត្តព្រះសីហនុ បានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមទីតាំងនីមួយៗ មានចំនួនច្រើនកុះករ រហូតរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ។

ទាក់ទិនបញ្ហានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទារបស់លោកជាបន្តបន្ទាប់មកនេះ ដោយអំពាវនាវដល់ប្រជាពលរដ្ឋ មានចាប់ពីអាយុ ១៨ឆ្នាំឡើង ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា និងទាន់ពេលវេលានៅតាមទីតាំង៖ សាលាឃ្លាំងលើ- សាលាសម្តេចឳ- សាលា ហ៊ុន សែន កម្មករ និងសាលា ហ៊ុន សែន មិត្តភាព ជាដើម ត្បិតពេលវេលា នៃការចាក់វ៉ាក់សាំងនេះ នៅសល់មិនយូរទៀតទេ។
បន្ថែមលើនេះ លោក អ៊ី សុខឡេង ក៏បានស្នើដល់ប្រជាពលរដ្ឋ ដែលឈររង់ចាំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមទីតាំងនីមួយៗ ត្រូវរក្សាគម្លាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវ ដោយមិនត្រូវឈរប្រជ្រៀតគ្នា ដែលអាចប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩នោះទេ។
តាមការកត់សម្គាល់រាល់ថ្ងៃនេះ សង្កេតឃើញថា នៅតាមទីតាំងចាក់វ៉ាក់សាំងបង្ហារជំងឺ-១៩មួយចំនួន នៅក្នុងក្រុងព្រះសីហនុ រួមមាន៖ ទីតាំងសាលា ហ៊ុន សែន កម្មករ ជាដើម គឺឃើញប្រជាពលរដ្ឋ ដែលទៅឈរតម្រង់ជួររង់ចាំចាក់វ៉ាក់សាំងភាគច្រើន ហាក់មិនស្តាប់តាមការណែនាំ របស់សមត្ថកិច្ច ដែលបានចុះណែនាំ ជាពិសេសមិនអនុវត្តតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ស្តីពីការរក្សាគម្លាតសុវត្ថិភាព ឲ្យបានត្រឹមត្រូវនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង