សមត្ថកិច្ចនគរបាលខណ្ឌប្ញស្សីកែវ បញ្ជូនជនសង្ស័យ៤នាក់ ពាក់ប័ន្ធបទល្មើស​គ្រឿងញៀន និង​ប្លន់​ម៉ូតូ ​នៅកាន់តុលាការផ្តន្ទាទោស!

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២១ បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ ក្នុងចំណោមបក្ខពួក ០៦នាក់ ដែលធ្វើសកម្មភាព​ធាក់ផ្តួលម៉ូតូប្លន់បានសម្រេច នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចឃុំព្រែក​តាទែន ស្រុកពញាឭ ខេត្តកណ្តាល ទៅកាន់តុលាការផ្តន្ទាទោស បន្ទាប់ពីសមត្ថកិច្ចនគរបាលខណ្ឌប្ញស្សីកែវ បង្រ្កាបចាប់ខ្លួនជាបន្តបន្ទាប់។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា​ នៅ​ម៉ោង ០៣នឹង៥០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ ប៉ិច ឧត្តម ភេទប្រុស អាយុ ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនជេអាយធី ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានចេញពីផ្ទះគោលបំណងទៅធ្វើបុណ្យនៅឯខេត្តកំពង់ឆ្នាំងពេលជិៈមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ ០៦នាក់ ជិះម៉ូតូមកពីក្រោយ។ លុះជិះមកដល់ទន្ទឹមគ្នា ក៏​ធ្វើសកម្មភាពធាក់ម៉ូតូ របស់ជនរងគ្រោះឲ្យដួល រួចគំរាមវាយជនរងគ្រោះ ហើយពេលនោះ ជនរងគ្រោះ ក៏បានទុកម៉ូតូចោលរត់យករួចខ្លួន។ ហើយបន្ទាប់មកជនសង្ស័យ ក៏បានយកម៉ូតូជនរងគ្រោះ ជិះវិលត្រឡប់ក្រោយ ឆ្ពោះមកកាន់រាជធានីភ្នំពេញ។

បន្ទាប់មកកម្លាំសមត្ថកិច្ចស្រុកពញាឭ ខេត្តកណ្តាល ក៏បានប្តឹងរាយការណ៍មកកម្លាំងនគរបាលខណ្ឌនានា នៅក្នុងរាជធានីភ្នំពេញជួយតាមស្ទាក់ចាប់ជនសង្ស័យ។ នៅពេលក្រុមជនសង្ស័យបានជិះមកដល់ចំណុចផ្លូវ១០០៣ ក្រុម៤ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឫស្សីកែវ ក៏បានជួប​កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ រួចក៏បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ព្រមទាំងស្រាវជ្រាវឃាត់ខ្លួនបានបក្ខពួក របស់ជនល្មើសចំនួន ០២នាក់​ទៀត នៅក្នុងបន្ទប់ផ្ទះសំណាក់។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បន្តថា ជនសង្ស័ទាំង០៤នាក់ មានឈ្មោះ បឿន សុខហាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះលេខ៦ ផ្លូវបេតុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ (មានសារធាតុញៀន)។​ ឈ្មោះ នៅ ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ ​ឈ្មោះ ឆោម រដ្ឋា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅភូមិ+ឃុំផ្សារសាមគ្គី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (មានសារធាតុញៀន)។ ឈ្មោះយាន វិរ័ត្ន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួលផ្លូងបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ នាឱកាសនោះ សមត្ថកិច្ចនគរបាលខណ្ឌប្ញស្សីកែវ បានដកហូតវត្ថុតាងម៉ូតូជនសង្ស័យ០៣គ្រឿង។

បច្ចុប្បន្នេះ កម្លាំងនកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ក៏កំពុងបន្តស្រាវជ្រាវតាមស្វែងរកចាប់ខ្លួន បក្ខពួកជនសង្ស័យ ដែលគេចខ្លួនជាមួយនឹងម៉ូតូជនរងគ្រោះជាបន្តទៀត៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង