យប់មិញនេះ ជនជាតិចិន ប្រើអាវុធខ្លីបាញ់កក្រើកក្រុងព្រះសីហនុ ហើយគេចខ្លួនបាត់ស្រមោល..

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានឲ្យដឹងថា នៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ មានករណីផ្ទុះអាវុធចំនួន២ ទៅ ៣គ្រាប់ នៅចំណុចកាស៊ីណូទឹងសុីង ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កដោយជនជាតិចិនម្នាក់ (ពុំទាន់ស្គាល់អត្តសញ្ញាណ) បានបាញ់បំបែកកញ្ចក់ទ្វា ចេញចូលកាសុីណូ រងការខូចខាតអស់មួយផ្ទាំង។

លោក តី វិសាល អធិការក្រុងព្រះសីហនុ បានឲ្យដឹងថា ករណីនេះផ្តើមចេញពីជនជាតិចិនម្នាក់ បានចេញចូលក្នុងក្រុមហ៊ុន កាសុីណូខាងលើ ដោយគ្មានការអនុញ្ញាត និងគ្មានកាតត្រឹមត្រូវ ទើបសន្តិសុខឃាត់សួរនាំ មិនឲ្យចេញពីក្រុមហ៊ុន។ ហើយក្រោយមកជនជាតិចិន រូបនោះក៏ខឹងរួចបានដកកាំភ្លើងបាញ់សំដៅទៅច្រកទ្វាចេញចូល ការសុីណូបណ្តាលឲ្យបែកកញ្ចក់ចំនួន ១ផ្ទាំង ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សរងរបួសទេ រួចជនជាតិចិនរូបនោះ ក៏ឡើងរថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនសន្តិសុខម្នាក់ដែលជាជនរងគ្រោះ យកទៅសកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដោយឡែកជនបង្ក សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង