អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យអគាររដ្ឋបាលក្រុងកោះរ៉ុង និងមណ្ឌលសុខភាព..

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីចុះពិនិត្យ អគាររដ្ឋបាលក្រុងកោះរ៉ុង, មណ្ឌលសុខភាពកោះរ៉ុង និងអគារផ្នែកប្រតិបត្តិការសឹករងក្រុងកោះរ៉ុង ដែលកំពុងសាងសង់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អាគាររដ្ឋបាលក្រុងកោះរ៉ុង សម្រេចបានប្រមាណជាង ៧៥ភាគរយ។ រីឯមណ្ឌលសុខភាពកោះរ៉ុង សម្រេចបានប្រមាណ ៩៩ភាគរយ និងអគារផ្នែកប្រតិបត្តិការសឹករងក្រុងកោះរ៉ុង សម្រេចបានប្រមាណជាង ៧៥ភាគរយ។

សមិទ្ធផលខាងលើនេះ គឺជាជំនួយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

បន្ទាប់ពីចុះពិនិត្យការសាងសង់អគារទាំង៣ រួចមក លោក គួច ចំរើន ក៏បន្តទៅពិនិត្យទីតាំងចាក់វ៉ាក់សាំងសម្រាប់ដូសទី២ ជូនប្រជាពលរដ្ឋ រស់នៅសង្កាត់កោះរ៉ុង។

ព្រមជាមួយគ្នានោះ លោកអភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តការអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ របស់ សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ទោះបីងប្អូនបានចាក់វ៉ាក់សាំងដូសទី២ រួចហើយក្តី៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង