ស្ថានទូតអាមេរិក ប្រារព្ធអបអរខួបលើកទី២៤៥ ទិវាឯករាជ្យសហរដ្ឋអាមេរិក

រាជធានីភ្នំពេញ៖ ដើម្បីអបអរខួបលើកទី២៤៥ នៃការបង្កើតឯករាជ្យរបស់សហរដ្ឋអាមេរិក ស្ថានទូតអាមេរិកនៅភ្នំពេញ មានក្តីសោមនស្សរីករាយ សូមប្រកាសបង្ហាញវីដេអូស្តីពី ការរៀបចំពិធីអបអរទិវា ៤ កក្កដា ថ្ងៃខួបឯករាជ្យនៃប្រទេសអាមេរិក។

នៅឆ្នាំនេះ ស្ថានទូតបានធ្វើចាក់ផ្សាយ នូវវីដេអូនៃការប្រារព្ធពិធីអបអរសាទរនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy និងលោកស្រី Kathleen Norman បានចូលរួមជាអធិបតី តាមរយៈវីដេអូ នៃការប្រារព្ធពិធីនាឆ្នាំនេះ ដែលរៀបចំធ្វើពីនិវេសនដ្ឋានឯកអគ្គរដ្ឋទូត នៅក្នុងក្រុងភ្នំពេញ។

ខ្លឹមសារនៅក្នុងវីដេអូ ខាងលើនេះ រួមមាន៖  សារស្តីពីថ្ងៃបុណ្យឯករាជ្យ ដែលថ្លែងដោយ លោកឯកអគ្គរដ្ឋទូត Murphy ការដើរក្បួនកាន់ទង់ជាតិដោយកងទាហានម៉ារីនអាមេរិក និងការច្រៀងបទភ្លេងជាតិសហរដ្ឋអាមេរិក និងចម្រៀងជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងដោយអ្នកចម្រៀងកម្ពុជា។

សុន្ទរកថា លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានថ្លែងថា ទិវាឯករាជ្យ របស់ប្រទេសអាមេរិក ជំរុញទឹកចិត្ត របស់ប្រជាជននៅទូទាំងពិភពលោក ឲ្យស្វែងរកសេរីភាព និងសិទ្ធិជាសាកលដទៃទៀត។

លោកមានប្រសាសន៍បន្តថា តាំងពីឆ្នាំ១៧៧៦ មកសហរដ្ឋអាមេរិក បានខិតខំធ្វើឲ្យប្រទេស ដែលត្រូវបានបង្កើតថ្មីនោះ ឱ្យមានលក្ខណៈល្អប្រសើរឡើង។

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បន្ថែមថា ៖ «យើងមានមោទនភាព ដែលសហរដ្ឋអាមេរិក គាំទ្រ និងការពារសិទ្ធិ ដែលគេមិនអាចកាត់ផ្តាច់ចេញបាន ដែលមនុស្សទាំងអស់គួរតែមានគឺ សិទ្ធិមានជីវិតសេរីភាព និងសិទ្ធិក្នុងការស្វែងរកសុភមង្គល»។

លោកបន្តថា ៖ «សិទ្ធិទាំងនេះរួមមាន ៖ សេរីភាពក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្តុំគ្នា ក្នុងការប្រតិបត្តិតាមសាសនា ក្នុងការមានដំណើរក្តីត្រឹមត្រូវក្នុងផ្លូវតុលាការ និងការមានរដ្ឋាភិបាល ដែលជា របស់ប្រជាជន កើតឡើងដោយប្រជាជន និងដើម្បីប្រជាជន»។

ជាផ្នែកមួយ នៃវីដេអូអបអរទិវា ៤ កក្កដា ក្រុមសៀក របស់អង្គការហ្វារពន្លឺសិល្បៈ បានរៀបចំការសម្តែងសៀករួមគ្នា ដោយមានភាពរស់រវើក និងទាក់ទាញ ហើយមានចំណងជើងជាភាសាអង់គ្លេសថា “Freedom Is a Summer Blossom”។

ទស្សនិកជន អាចទស្សនា នូវវីដេអូ នៃការប្រារព្ធខួបឯករាជ្យ និងការសម្តែងសៀកទាំងស្រុងនៅទីនេះ តាមរយៈតំណនេះ៖ https://fb.watch/6xaeevBO0-/៕

អត្ថបទដែលជាប់ទាក់ទង