ព្រឹកនេះ វ៉ាក់សាំងស៊ីណូហ្វាម របស់ចិន ១លានដូស​ទៀត​ បានដឹកមកដល់កម្ពុជាហើយ!

រាជធានីភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម របស់ចិន ចំនួន ១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន ​បានដឹកតាមយន្តហោះមកដល់ប្រទេសកម្ពុជា រួចហើយនៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងខែកក្កដានេះ វ៉ាក់សាំងពីប្រទេសចិន នឹងដឹកមកដល់ប្រទេសកម្ពុជា ចំនួន ៥លានដូស។ ក្នុងនោះ នៅថ្ងៃទី០៦ ខែកក្កដា មានចំនួន ១លានដូស។ ហើយនៅថ្ងៃទី១០ ខែកក្កដា នឹងមកដល់ចំនួន ៤លានដូសទៀត ក្នុងនោះ ១លានដូស ជាប្រភេទវ៉ាក់សាំង ស៊ីណូហ្វាម និងចំនួន ៣លានដូសជាស៊ីណូវ៉ាក់។

ដោយឡែក នៅខែសីហា ឆ្នាំ​២០២១ខាងមុខនេះ ប្រទេសកម្ពុជា នឹងទទួលបានវ៉ាក់សាំងចំនួន ៤លានដូសបន្ថែមទៀត។ វ៉ាក់សាំង ដែលកម្ពុជា ទទួលបានក្នុងខែកក្កដា និងខែសីហា​នេះ គឺជាចំនួនវ៉ាក់សាំងគម្រប់ ២០លានដូស ដែលបានកំណត់ក្នុងផែនការ របស់រាជរដ្ឋាភិបាល ក្នុងការរកយកមកចាក់ជូនប្រជាពលរដ្ឋ។

វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាព របស់ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។ ហើយថា តាមរយៈវ៉ាក់សាំង ដែលកម្ពុជា ទទួលបានជាបន្តបន្ទាប់ បានជួយឱ្យកម្ពុជា សម្រេចតាមផែនការ​ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋតាមការគ្រោងទុក។

គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ​២០២១នេះ ប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស ចូលមកប្រទេសកម្ពុជា បានចំនួនជាង ៤.៥លាននាក់ ឬ ស្មើនឹងជាង ៤៥ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលត្រូវចាក់នៅក្នុងផែនការកំណត់៕

អត្ថបទដែលជាប់ទាក់ទង