អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងដូសទី២..

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើល ការចាក់វ៉ាក់សាំងដូសទី២ ជូនដល់ប្រជាពលរដ្ឋ នៅសាលាបឋមសិក្សា អនុវិទ្យាល័យ សាគូរ៉ា ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងដល់បងប្អូននេះគឺមិនមានគិតថ្លៃទេ ហើយការផ្ដល់វ៉ាក់សាំងទាំងអស់នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា ទោះជាបងប្អូនបានចាក់វ៉ាក់សាំងរួចហើយក្តី បងប្អូនត្រូវតែអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣.ការពារ និង៣.កុំ ឱ្យបានជាប់ជាប្រចាំទាំងអស់គ្នា។

ជាមួយគ្នានោះ លោក គួច ចំរើន បានជូនពរបងប្អូនប្រជាពលរដ្ឋ ឱ្យមានសុខភាពល្អ និងសុវត្ថិភាពទាំងអស់គ្នា ជៀសឱ្យផុតពីជំងឺកូវីដ-១៩។

បន្ទាប់ពីបានពិនិត្យការចាក់វ៉ាក់សាំងរួច លោកអភិបាលខេត្ត និងក្រុមការងារ បានបន្តទៅសួរសុខទុក្ខកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅអគារស្នាក់នៅកងពលតូចលេខ៧០ ដែលមានទីតាំងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ និងបានជូនពរបងប្អូនកងទ័ពទាំងអស់ឆាប់ជាសះស្បើយ នាពេលខាងមុខ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថ្នាំចិន ១០០ប្រអប់ ,ថ្នាំឈឺបំពងក ២០ប្រអប់ ,ថ្នាំVitamin C គ្រាប់ ១៦ដប ,ថ្នាំVitamin C ដាក់ទឹកពុះ ១៦ប្រអប់ ,មីកំប៉ុង ៦កេសធំ ,ទឹកសុទ្ធ ១០កេស, ម៉ាស ១៦ប្រអប់ ,អាល់កុល ២កាន ,អាល់អុលបាញ់ដៃ ១៦ដប៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង