ប្រជាពលរដ្ឋ​ប្រទះឃើញ ដើមស្មាច់​​រាប់រយហិកតា នៅស្រុកបុទុមសាគរ ត្រូវជនល្មើស​កាប់ទន្ទ្រានអនាធិបតេយ្យ​..?

ខេត្តកោះកុង៖ ប្រជាពលរដ្ឋមានមុខរបរដើរ​ព្រៃ ដើម្បីរុករកសម្បុកឃ្មុំយកទឹកលក់ដូរសម្រាប់ចិញ្ចឹមគ្រួសារ រស់នៅខេត្តកោះកុង បានអះអាងថា ពួកគាត់បានប្រទះឃើញព្រៃស្មាច់ ឬដើមស្មាច់ រាប់រយហិកតា ត្រូវបានជនមិនស្គាល់មុខ ចូលទៅកាប់ទន្រ្ទានរានយកដីធ្វើកម្មសិទ្ធិឯកជន យ៉ាងអនាធិបតេយ្យ ​មានទីតាំងនៅកណ្តាលព្រៃស្មាច់ ​ស្ថិតក្នុងបរិវេណតំបន់ដី​ព្រៃស្មាច់ ដែលរដ្ឋបម្រុងទុក មានទីតាំង នៅស្រុកបុទុមសាគរ ខេត្តកោះកុង។

ក្រុមអ្នកភូមិព្រលាន និងភូមិតាំកន់ ឃុំកណ្តោល បានអះអាងថា អ្នកនៅពីក្រោយបទល្មើសកាប់រានដីព្រៃ​ស្មាច់ ស្ថិតក្នុងតំបន់បម្រុងស្មាច់ នាស្រុកបុទុមសាគរខាងលើនេះ គឺ​​អ្នកនៅពីក្រោយបទល្មើសទាំងនេះ គឺភាគច្រើនជាអ្នកមានទ្រព្យធន និងជាមន្ត្រីមានអំណាច ហើយមានលំនៅដ្ឋានរស់នៅរាជធានីភ្នំពេញ។ ពលរដ្ឋបញ្ជាក់ថា ជនខិលខូចទាំងនេះ ទំនងជាបានដឹងកិច្ចការផ្ទៃក្នុងរបស់ក្រសួងបរិស្ថាន ក៏ដូចជារដ្ឋាភិបាល ដែលត្រៀមរៀបចំកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលអាស្រ័យផលជាក់ស្តែងនៅតំបន់នោះ ទើបមានជនខិលខូចមួយចំនួន​ បានជួលមនុស្សពីតំបន់​ ឬខេត្តផ្សេងៗ ឲ្យចូលមកកាប់ព្រៃស្មាច់ ដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិបុគ្គល។ ហើយ​ សកម្មភាពកាប់រុករានដីព្រៃស្មាច់ទាំងនេះ គឺជនទុច្ចរិតទាំងនោះ បានជួលមនុស្ស ឲ្យធ្វើសកម្មភាពនៅពេលយប់ ដើម្បីបំភាន់ភ្នែកមហាជន និងប្រជាពលរដ្ឋក្នុងមូឡដ្ឋាន។

ប្រភពពីប្រជាពលរដ្ឋ ឲ្យដឹងបន្ត​ថា ទីតាំងដីដែលជនខិលខូច ដែល​អ្នកលុយមាន និងមានអំណាច បានចូលទៅកាប់ទន្ទ្រាន នៅក្នុងតំបន់បម្រុងព្រៃស្មាច់នោះ ទំនងជាអាចមានចន្លោះ​ចាប់ពី ៣០០​ហិកតា ទៅ ៥០០ហិកតាឯណោះ។ ហើយថា សកម្មភាពចូលមកកាប់រានព្រៃស្មាច់ មានទីតាំងនៅស្រុកបុទុមសាគរខាងលើនេះ គឺទើបកើតមានជាង ០២ខែកន្លងទៅថ្មីៗនេះទេ។

ក្រុមអ្នកភូមិបន្តទៀតថា ចំពោះបទល្មើសចូលទៅកាប់រានដីព្រៃស្មាច់ របស់រដ្ឋបម្រុងទុកនៅស្រុកបុទុមសាគរ ខេត្តកោះកុងនេះ ហាក់មិនឃើញមានអាជ្ញាធរមូលដ្ឋានឃុំ-ស្រុក ជាពិសេសមន្ត្រីក្រសួង មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធផ្នែកណាមួយ ចុះមកពិនិត្យ ឬទប់ស្កាត់​នៅឡើយទេ គិតមកដល់ព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។

​ចំណុចនេះ ក្រុមប្រជាពលរដ្ឋឃុំកណ្តោល បង្ហាញមន្ទឹលថា បទល្មើសកាប់រានព្រៃដើមស្មាច់យ៉ាងអនាធិបតេយ្យ ដែលអាចមានផ្ទៃដីជាង៣០០ហិកតា មានទីតាំងនៅស្រុកបុទុមសាគរ ខេត្តកោះកុងរាល់ថ្ងៃនេះ ​ទំនងជាអាចមានការជាប់ពាក់ព័ន្ធ នឹងមន្ត្រី​ជំនាញស្ថាប័នមួយចំនួនផង ក៏ថាបាន ព្រោះបទល្មើស​បំផ្លាញព្រៃស្មាច់កើតឡើងជាក់ស្តែង ឃើញនឹងភ្នែក  ប៉ុន្តែបែរជាមិនឃើញមាន មន្ត្រីជំនាញពីក្រសួង ឬស្ថាប័ន​ពាក់ព័ន្ធផ្នែកណាមួយ បញ្ជូនមន្ត្រីចុះពិនិត្យ ឬឈានទៅទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ ដោយទុកបណ្តោយឲ្យបទល្មើសទាំងនោះ អាចធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ​។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋភាគច្រើនរស់នៅឃុំកណ្តោល បានសំណូមពរដល់ អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជាដើម ជួយ​បញ្ជូន​មន្ត្រីជំនាញស្អាតស្អំ ឲ្យចុះទប់ស្កាត់បទល្មើស របស់ជនទុច្ចរិត ដែលកំពុងធ្វើសកម្មភាព​កាប់រានទន្ទ្រានដីព្រៃ​ស្មាច់​ដោយខុសច្បាប់ នៅស្រុកបុទុមសាគរ ឲ្យបានឆាប់ និងមានប្រសិទ្ធ​ភាព។ ជាងនេះទៀត ក៏ត្រូវស្រាវជ្រាវវែករកមុខ តើមានបុគ្គល និងជនល្មើសរូបណាខ្លះ ​នៅពីក្រោយបទល្មើសជួលមនុស្ស ឲ្យទៅកាប់ទន្ទ្រានដើមស្មាច់ ដួលរាបដល់ដីរលាយហិនហោច អស់រាប់រយហិកតា នៅស្រុកបុទុមសាគរ ដើម្បីនាំខ្លួនមកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរ ដើម្បីជាការព្រមាន។

ចំពោះបញ្ហានេះ​ ក្រុមអ្នកភូមិកណ្តោល មានមានចម្ងល់ដែរថា តើមានមូលហេតុអ្វី បានជាមន្ត្រីឧទ្យានជាតិ​ស្នាក់ការល្បាតកណ្តាល នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ​មិនព្រមចុះទៅបង្ក្រាប​បទល្មើសទាំងនោះទៅវិញ? ហើយបែរជាមន្ត្រីទាំងនោះ មក​ហាមឃាត់តែប្រជាពលរដ្ឋ​រស់នៅក្នុងមូលដ្ឋាន ដែលកាប់រានដីព្រៃ​ សម្រាប់ពង្រីកមុខរបរចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារបន្តិចបន្តួច ទៅវិញ?។ ប៉ុន្តែចំពោះ ​អ្នកនៅពីក្រោយបទល្មើសជួលមនុស្ស ឲ្យចូលទៅកាប់រានដើមស្មាច់​បំផ្លាញអស់រាប់រយហិកតា ដែលមិនមានលំនៅដ្ឋានអចិន្ត្រៃយ៍រស់នៅស្រុកបុទុមសាគរផង បែរជាមិនចុះទៅទប់ស្កាត់​បែបនេះ?។

ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋភាគច្រើនរស់នៅស្រុកបុទុមសាគរ ក៏បន្តសំណូមពរដល់ អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេត ទៅលើសកម្មភាពអនុវត្តការងារ របស់មន្ត្រីស្នាក់ការឧទ្យានជាតិស្នាក់ការកណ្តោល និងអាជ្ញាធរ​មូលដ្ឋាននេះ ថាតើអាចមានជាប់ពាក់ព័ន្ធ​ នឹងបទល្មើស​កាប់រានព្រៃស្មាច់ ដែលរដ្ឋ បានបម្រុងទុក​នៅស្រុកបុទុមសាគរដែរឬយ៉ាងណា? ទើបបានជាមន្ត្រីទាំងនោះ មិន​ចុះ​បង្ក្រាបបទល្មើសកាប់រានព្រៃស្មាច់ទាំងនេះឲ្យមានប្រសិទ្ធភាពទោវិញ។ ព្រោះថា សកម្មភាព នៃបទល្មើសកាប់រានព្រៃស្មាច់​អនាធិបតេយ្យខាងលើនេះ គឺនៅមិនឆ្ងាយពីទីស្នាក់ការបរិស្ថាន ដែលដាក់ប្រចាំការនៅតំបន់នោះទេ។

យ៉ាងនេះក្តី សារព័ត៌មាន «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីស្នើការបំភ្លឺជុំវិញ ករណីប្រជាពលរដ្ឋ រស់នៅឃុំកណ្តោល ​​បានប្រទះឃើញបទល្មើសកាប់រានដើមស្មាច់ ​នៅស្រុកបុទុមសាគរអស់រាប់រយហិកតា ​បាន​ទេ​នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ​២០២១នេះ៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង