កាកបាទក្រហមខេត្តព្រះសីហនុ នាំយកជំនួយផ្តល់ជូន គ្រួសាររងគ្រោះដួលរំលំផ្ទះដោយខ្យល់កន្ត្រាក់

ខេត្តព្រះសីហនុ៖ នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ លោក គាំ សុខុម កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចែកជូន​ប្រជាពលរដ្ឋ​ ០១គ្រួសារ រស់នៅ​ភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ​ដែលផ្ទះ របស់គាត់ ត្រូវដួលរលំដោយសារខ្យល់កន្រ្តាក់​។

នាឱកាសនោះ លោក គាំ សុខុម ​បាន​នាំ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់​សម្តេច​កិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែជួយ​គិតគូរ ពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមគ្នានេះ លោកនាយកសាខា ក៏បានអំពាវនាវដល់ក្រុមគ្រួសាររងគ្រោះ សូមចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង​ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ជែលជាដើម។ ហើយប្រសិនបើចាំបាច់ ត្រូវចេញទៅទីសាធារណៈ គឺដាច់ខាតត្រូវពាក់ម៉ាស់ ​ឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្ត ​នូវវិធានការ ៣កុំ និង ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន។

​ជំនួយដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានាំយកទៅផ្តល់ជូនគ្រួសាររងគ្រោះខាងលើនេះ រួមមាន៖ អង្ករ២៥ គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ទឹកត្រី ១យួរ ,ប្រេងឆា ១ដបស្មើនិង ១លីត្រ ,ស្បែកជើង ២គូរ ,អាវ ១កញ្ចប់ ,តង់១ ,ម៉ាស់ ១ប្រអប់ ,ឃីត១ ក្នុងនោះមាន (ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកាចំនួន ៥០ម៉ឺនរៀល៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង