ភ្លៀង​តែប៉ុន្មានមេសោះ ​ទឹក​ជន់លិចផ្ទះ និងផ្លូវ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ​ប៉ុណ្ណឹងទៅហើយ, ចុះទម្រាំពេញមួយរដូវ..?

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋមួយចំនួន ដែលលំនៅដ្ឋានរបស់គាត់ ត្រូវលិចទឹកជាប់គ្នាចំនួន ០២ឆ្នាំ​ ជាបន្តបន្ទាប់មកនេះ បានអះអាងថា មូលដ្ឋានគាត់ ដែលត្រូវលិចទឹកខាងលើនេះ គឺបណ្តាល​​មកពីការទប់ទំនប់ស្តុកទឹក របស់ក្រុមហ៊ុនអានកូ ដែលផលិតទឹកស្អាតនៅតំបន់ក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋ បានអះអាងថា កង្វល់ពីការលិចទឹកនេះ គឺ ​ពួកគាត់ ក៏ធ្លាប់ដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ និងបណ្តឹងតាមមាត់​ទៅកាន់ លោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តព្រះសីហនុ ឲ្យជួយអន្តរាគមន៍បញ្ចៀសជំនន់ទឹកភ្លៀង​រដូវវស្សា ដែលជន់លិចលំនៅ​ដ្ឋាន របស់ពួកគាត់​ជា​រួចហើយដែរ។ ប៉ុន្តែរហូតមកដល់ខែកក្កដា ឆ្នាំ​២០២១នេះ នៅមិនទាន់មានដំណោះស្រាយ​ជាដុំកំភួនជូនពួកគាត់ទេ ពោលគឺ ជំនន់ទឹកភ្លៀង បានបន្តជន់លិចលំនៅដ្ឋាន របស់ពួកគាត់​ជាបន្តបន្ទាប់ នៅពេលរដូវវស្សាចូលមកដល់។

ជាងនេះទៀត ជំនន់ទឹកភ្លៀងនេះ ​ហាក់​មានសភាពកាន់​តែធ្ងន់ធ្ងរ​ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយរដ្ឋបាលខេត្តព្រះសីហនុ ក៏មិនទាន់​មានវិធីជួយដោះស្រាយ បញ្ចៀសជំនន់ទឹកភ្លៀង ចេញពីមូលដ្ឋាន សង្កាត់លេខ១នេះ​ជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព បាន​យូរ​អង្វែង​នៅឡើយទេ។

ប្រជាពលរដ្ឋ រស់នៅសង្កាត់លេខ១ ដែលលំនៅដ្ឋាន របស់គាត់ ត្រូវជន់លិចដោយជំនន់ទឹកភ្លៀងរដូវវស្សា ​បានអះអាងថា បើអាជ្ញាធររដ្ឋបាលក្រុង-ខេត្តព្រះសីហនុ បញ្ជាទៅក្រុមហ៊ុន អានកូ ឲ្យបើកទំនប់ស្តុកទឹក ដែលក្រុមហ៊ុននេះ បានទប់ស្តុកទឹក ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទើបលំនៅដ្ឋាន របស់ពួកគាត់ ឈប់លិចទឹក​ភ្លៀងរដូវវស្សានាថ្ងៃអនាគតទៀត​៕

អត្ថបទដែលជាប់ទាក់ទង