​កម្មវិធីផ្តល់ទុន​វិនិយោគចិញ្ចឹមមាន់ តាមបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹង​អាកាសធាតុ ​របស់មន្ទីរកសិកម្មខេត្តព្រះសីហនុ

 

ខេត្តព្រះសីហនុ៖ ពិធីអបអរសាទរផ្តល់ទុនសហវិនិយោគ គាំទ្រដល់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។

កម្មវិធីនេះ បានរៀបចំឡើង​កាលពីព្រឹក​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ​នៅឃុំទួលទទឹង និងឃុំជើងគោ ស្រុកព្រៃនប់  ដោយមានការចូលរួមពី លោក សរ កក្កដា អភិបាលស្រុក ព្រៃនប់ និងលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ- មន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាកសិករមួយចំនួនផង​។

នាឱកាសនោះ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងការចែកទុនសហវិនិយោគ ជូនដល់​ប្រជាកសិករពេលននេះ គឺក្នុងគោល​បំណងលើកទឹកចិត្ត និងជំរុញ ឱ្យមានសន្ទុះអភិវឌ្ឍវិស័យកសិកម្ម កាន់តែរីកចម្រើនឡើង។ ជាពិសេសការជំរុញ​ការដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងការកែច្នៃផលិតផលកសិកម្ម ដើម្បី​ធានាបាន នូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ។ ជាងនេះទៀត ក៏នឹងបង្កើតឱកាសការងារ ក្នុងវិស័យផលលិតកម្ម កសិកម្ម ក្នុងក្របខ័ណ្ឌបច្ចេកទេសកសិកម្មថ្មី ដែល​ធន់នឹងការប្រែប្រួលអាកាសធាតុ ប្រើប្រាស់រយៈពេលខ្លី ចំណាយ​​ដើមទុនតិច ទទួលបានផលកម្រៃច្រើន ដោយរក្សាបានសន្តិភាពប្រក្រតី តាមជីវភាព គន្លងថ្មីក្នុងអំឡុងពេល នៃការរីករាល​ដាលជំងឺកូវីដ-១៩។

លោក នេន ចំរើន បន្តថា ក្នុងការអនុវត្តនូវកម្មវិធីសិក្សាបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE ) កាលពីឆ្នាំ២០២០ កន្លងទៅនេះ មន្ទីរកសិកម្មខេត្តព្រះសីហនុ បានអនុវត្តសកម្មភាព ក្នុងស្រុកគោលដៅចំនួន ​៣ស្រុក ដែលមាន ១៥ឃុំ និងបង្កើតបណ្ដុំអាជីវកម្មបានចំនួន ៩បណ្ដុំអាជីវកម្ម ស្មើនឹង ៤២៩គ្រួសារ ដែលមានស្ត្រីជាមេគ្រួសារចំនួន ១១២គ្រួសារ រួចមកហើយ ដែលក្នុងនោះរួមមាន៖
– បណ្ដុំអាជីវកម្មដំណាំបន្លែចំនួន ២បណ្ដុំ
– បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ចំនួន ២បណ្ដុំ
– បណ្ដុំអាជីវកម្មចិញ្ចឹមត្រីចំនួន ៣បណ្ដុំ
– បណ្ដុំអាជីវកម្មកែច្នៃបង្គាក្រៀចំនួន ១បណ្ដុំ
– បណ្ដុំអាជីវកម្មកម្មបកសាច់ក្ដាមចំនួន ១បណ្ដុំ។

ដោយឡែកក្នុងឆ្នាំ២០២១នេះ មន្ទីរកសិកម្មខេត្តព្រះសីហនុ ក៏បានបន្តអនុវត្តកម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងនោះមន្ទីរកសិកម្ម ​កំពុងអនុវត្តសកម្មភាព ក្នុងស្រុកគោលចំនួន ៣ស្រុក ដែលមាន ១៥ឃុំ ដោយបានបង្កើតបណ្ដុំអាជីវកម្មបានចំនួន ១៧បណ្ដុំអាជីវកម្មបន្ថែមទៀត ដែលស្មើនឹង ៨៤៥គ្រួសារ ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង