​រថយន្តសេរីទំនើបៗ សម្រុកដឹកឈើប្រណិត ចេញពី​​ស្រុកសង្គមថ្មី​អនាធិបតេយ្យ និងគ្មានសមត្ថកិច្ចបង្ក្រាបទេ..

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋ មានលំនៅដ្ឋានរស់នៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានអះអាងថា ​ឃើញមានរថយន្ត ម៉ាកធុនត្រា- ស៊ីណា- ម៉ាស្តា និងហ្វត ពណ៌ត្រេអ៉ីជាដើម បានសម្រុក​ដឹក​ឈើ​លេខ១ ប្រភេទសុក្រំ និងឈើឈ្លីក ចេញពីចំណុច​ភូមិសុច និងភូមិតាសែង ស្ថិតក្នុងឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ ​យ៉ាងរលូន និងគ្មានសមត្ថកិច្ច​កម្លាំង​កងរាជអាវុធហត្ថ- នគរបាល និងមន្ត្រីបរិស្ថាន ដែលប្រចាំការនៅត្រង់ចំណុចខ្នាថ្មី ជាប់ព្រំប្រទល់​ស្រុកសង្គមថ្មី និង ស្រុកប្រាសាទបល្ល័ង្ក ធ្វើការបង្ក្រាប ឬទប់ស្កាត់នោះទេ។

ចំណុចនេះ ប្រជា​ពលរដ្ឋមានមន្ទឹលថា សកម្មភាព​ដឹកឈើប្រណិត អាចដឹកតាមផ្លូវបានដោយរលូន គឺទំនងជាអាចមានការឃុបឃិត ពីកម្លាំងសមត្ថកិច្ចស្ថាប័នមួយចំនួន ដែលឈរជើងប្រចាំការ នៅតាមចំណុច​ព្រំប្រទល់ ស្រុកសង្គមថ្មី និងស្រុកប្រាសាទបល្ល័ង្ក ​ព្រោះមិនដែលឃើញសមត្ថកិច្ចស្ថាប័នទាំងនោះ ឃាត់រថយន្តដឹកឈើប្រណិតទាំងនោះម្តងណាឡើយ។ ប៉ុន្តែបើប្រជាពលរដ្ឋដឹកឈើ សម្រាប់យកទៅប្រើប្រាស់ធ្វើផ្ទះ នៅតាមគ្រួសារវិញ គឺត្រូវបានសមត្ថកិច្ចចម្រុះប្រចាំការនៅចំណុចខាងលើចាប់ផាកពិន័យដោយមិនលើកលែងឡើយ។

យ៉ាងនេះក្តី តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹង​ថា កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០២១ មានរថយន្ត​យ៉ាងតិចចំនួន ០៤គ្រឿង បានដឹកឈើ
ប្រណិត ចេញ​ពីចំណុច​ភូមិសុច ដោយ​ដឹកយកទៅលក់នៅ​ភូមិសាស្ត្រខេត្តកំពង់ធំ ​យ៉ាងរលូន ដោយមិនឃើញសមត្ថកិច្ចបង្ក្រាបនោះទេ។ ហើយថា សកម្មភាពដឹកឈើប្រណិត ​ចេញពីភូមិសាស្ត្រ ស្រុកសង្គមថ្មី របស់មេឈ្មួញឈើឈ្មោះ ភ័ក្រ គឺបានធ្វើសកម្មភាពស្ទើរជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលយប់ ខណៈថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ និងខេត្តកំពង់ធំ ជាប់ដៃមមាញឹក ក្នុងយុទ្ធនាការចុះទប់ស្កាត់​ជំងឺកូវីដ-១៩​។

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ឈ្មួញរកស៊ីឈើ​ដុះស្លែ​ នៅខេត្តព្រះវិហាររាល់ថ្ងៃនេះ​មាន ឈ្មោះ ភ័ក្រ។ ហើយឈ្មួញ​រូបនេះ ​ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ លោក យា សាវង្ស ប្រធានស្នាក់ការបរិស្ថាន​ខ្នាថ្មីតាសែង ដែលមាន​ព្រុំប្រទល់​ស្រុកសង្គមថ្មី និង​ស្រុកប្រាសាទបល្ល័ង្ក។ ហើយបទល្មើសព្រៃឈើ​នេះ លោក មឿង សំផុន នាយកភ្នំត្បែង រួមទាំង​មេព្រៃសង្កាត់​សង្គមថ្មី- អាវុធហត្ថ និង​នគរ​បាល ដែលប្រចាំការនៅចំណុចខាងលើ បានដឹងឮពីបទល្មើសព្រៃឈើទាំងនោះដែរ។​ ​

ប្រភពបន្តទៀតថា ចំពោះឈើ​លេខ១ ប្រភេទសុក្រំ និងឈ្លីក គឺត្រូវ​មេឈ្មួញ​ឈើ បំផុសឲ្យប្រជាពលរដ្ឋ ឲ្យឡើងទៅ​កាប់​​នៅលើ​កំពូលភ្នំត្បែង ​យកមកលក់ឲ្យខ្លួន ដោយឈ្មួញឈើឈ្មោះ ភ័ក្រ ជាអ្នកចាំប្រមូលទិញទាំងអស់។

ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋរស់នៅស្រុកសង្គមថ្មី បានស្នើដល់ លោក មឿង សំផុន នាយកបេតិកភណ្ឌធម្មជាតិភ្នំត្បែង ​ជួយពិនិត្យទៅលើសកម្មភាព នៃបទល្មើសឡើងទៅ​កាប់ឈើ នៅលើកំពូលភ្នំត្បែង ឲ្យបានទាន់ពេលផង ព្រោះភាពអនាធិបតេយ្យ នៃការកាប់ឈើនៅលើភ្នំនេះ កំពុងបន្តកើតមានយ៉ាងអនាធិបតេយ្យ។

​ប្រភពពីសមត្ថកិច្ច​មិនបង្ហាញអត្តសញ្ញាណ បានឲ្យដឹងថា រាល់ថ្ងៃនេះ រថយន្តសម្រាប់ដឹកឈើ របស់មេឈ្មួញឈើឈ្មោះ ភ័ក្រ សរុបមាន ៩គ្រឿង ដោយសម្រុកដឹកឈើទាំង​យប់​ថ្ងៃ ចេញពីស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយរលូន ព្រោះឈ្មួញឈើរូបនេះ បានត្រូវដងត្រូវផ្លែជាមួយសមត្ថកិច្ចស្ថាប័នជំនាញ ដែលប្រចាំការនៅតាមគោលដៅឆ្លងកាត់នីមួយៗ​​..។

ទាក់ទិនបទល្មើសនេះ លោក ជុំ ពុយ អភិបាល​ស្រុកសង្គមថ្មី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រូបលោកមិនបានដឹងអំពីបទល្មើសឈើប្រណិត ធ្វើសកម្មភាពក្នុងមូលដ្ឋាន ​លោកគ្រប់គ្រងនេះទេ។  លោក​អភិបាល បានថ្លែងអំណរគុណ​ដល់ក្រុមអ្នកសារព័ត៌មាន ដែលបាន​រាយការណ៍ពីបទល្មើសព្រៃឈើនេះ មករូបលោកបានដឹង និងឈានទៅមានវិធានការនៅថ្ងៃខាងមុខ។

ចំណែក លោក មាស ញឹម នាយកព្រៃឡង់ និងភ្នំត្នោត ក៏ឆ្លើយថា មិន​ដឹងអំពីសកម្មភាពដឹកជញ្ជូនឈើប្រណិត ​ចេញពីមូលដ្ឋានខាងលើនេះទេ ព្រោះរាល់ថ្ងៃនេះ រូបលោក​ជាប់​រវល់ការងារច្រើនពេក​..។ រីឯ លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ​បានប្រាប់អ្នកសារព័ត៌មានដែរថា ​មិន​បានដឹងមានសកម្មភាពឡើងកាប់ឈើ នៅលើភ្នំត្បែងនោះទេកន្លងមក។ ប៉ុន្តែលោក​ថា នឹងសួរនាំមន្ត្រីជំនាញក្រោមឱវាទ​របស់លោក ឲ្យបាន​ច្បាស់ជាមុនសិន។

យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋរស់នៅស្រុកសង្គមថ្មី បានសំណូមពរដល់ លោកអភិបាលខេត្តព្រះវិហារ ជួយបញ្ជូនមន្ត្រីជំនាញចុះស៊ើបអង្កេត និងទប់ស្កាត់បទល្មើសព្រៃឈើ កាប់ចេញពីនៅលើភ្នំត្បែង ហើយដែលមានមេឈ្មួញឈើ​ឈ្មោះ ភ័ក្រ ​រង់ចាំប្រមូលទិញ និងដឹកចេញតាមរថយន្ត​ ចេញពីស្រុកសង្គមថ្មី ឆ្ពោះទៅខេត្តកំពង់ធំ ឲ្យបានឆាប់ ត្បិតបទល្មើសដឹកជញ្ជូនឈើប្រណិតទាំងនោះ បានធ្វើសកម្មភាពស្ទើរជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលយប់៕

 

អត្ថបទដែលជាប់ទាក់ទង