វ៉ាក់សាំង៤លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាទៀតហើយ

រាជធានីភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤លានដូសថែមទៀត បានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជា ទៀតហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ។

វ៉ាក់សាំង ដឹកមកដល់ថ្ងៃនេះ មានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣លានដូស និងវ៉ាក់សាំងស៊ីណូហ្វាម ១លានដូស។ វ៉ាក់សាំង ៤លានដូសនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។

គិតចាប់តាំងពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា ទទួលបានវ៉ាក់សាំងប្រមាណ ១៧លានដូសរួចហើយ។

វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយ សម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាការពារសុខភាព របស់ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។

តាមរយៈវ៉ាក់សាំង ដែលកម្ពុជា ទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជា សម្រេចផែនការលើការងារចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋទៅតាមការគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង