កាកបាទក្រហមខេត្តព្រះសីហនុ នាំយកជំនួយចែកជូនពលរដ្ឋ ៤គ្រួសារត្រូវភ្លើងឆេះផ្ទះ

ខេត្តព្រះសីហនុ៖ ហេរញ្ញិកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ គឺលោកស្រី ប្រាក់ ចន្ទសុខា កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ ចែកជូន ប្រជាពលរដ្ឋចំនួន ០៤គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យឆាប់ឆេះផ្ទះ របស់ពួកគាត់ ស្ថិតក្នុងក្រុមទី៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

នាឱកាសនោះ លោកស្រី ប្រាក់ ចន្ទសុខា ហេរញ្ញិកសាខាកាកបាទក្រហម ខេត្តព្រះសីហនុ បាននាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនទុកប្រជាពលរដ្ឋ ចោលនោះទេ ព្រមទាំងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានោះ អ្នកស្រី បានអំពាវនាវដល់ក្រុមគ្រួសាររងគ្រោះទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លង ក្នុងសហគមន៍ និងលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន បន្តជានិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ពីអនាម័យជាប្រចាំ ដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ម៉ាស់ ឬក្រមាជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

ជំនួយដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានផ្តល់ជូនពលរដ្ឋរងគ្រោះពេលនេះ គឺក្នុងមួយគ្រួសារៗ ទទួលបានមាន៖ អង្ករ៥០ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ប្រេងឆា ១ដបស្មើនិង ១លីត្រ, សាប៊ូកកសក់ ១ដប, សាប៊ូដុសខ្លួន ១ដប, ច្រាសដុសធ្មេញ ២ដប, ថ្នាំដុសធ្មេញ ២ដប, ស្បែកជើង១គូរ, អាវ ១កញ្ចប់, តង់១, ម៉ាស់ ១ប្រអប់, ឃីត១ ក្នុងនោះមាន (ភួយ១ មុង១ សារុង១ ក្រមា១) រួមទាំងសម្ភារះផ្ទះបាយមួយឈុត និងថវិកាចំនួន ៥០ម៉ឺនរៀល៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង