បទល្មើសព្រៃឈើ បន្តធ្វើសកម្មភាពពេញបន្ទុក នៅខេត្តព្រះវិហារ..

រាជធានីភ្នំពេញ៖ បទល្មើសដឹកជញ្ជូនឈើលេខ១ ប្រភេទឈើសុក្រំ និងឈ្លីក របស់មេឈ្មួញ ចេញពីមូលដ្ឋានខេត្តព្រះវិហារ ត្រូវសមត្ថកិច្ចបង្ក្រាប​រឹបអូសបានឈើប្រណិតល្មើសទាំងនោះចំនួន៩៩ដុំ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

ប្រភពពីប្រជាពលរដ្ឋ បានអះអាងថា រាល់ថ្ងៃនេះ បទល្មើសព្រៃឈើ បានកើតមានស្ទើរគ្រប់ស្រុក ប៉ុន្តែមិនមានសមត្ថកិច្ចបង្ក្រាបនោះទេ ដោយទំនងជាឈ្មួញបានត្រូវដងត្រូវផ្លែជាមួយគ្នា ទើបបទល្មើសព្រៃឈើនៅមូលដ្ឋាននេះ មិនមានការបង្ក្រាបឲ្យមានប្រសិទ្ធភាព។

យ៉ាងនេះក្តី លោក តូ សុថេត នាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានឱ្យដឹងថា កាលពីវេលាខាងលើ កម្លាំងជំនាញចុះស្រាវជ្រាវរកមុខសញ្ញាដឹកជញ្ជូនបទល្មើសព្រៃឈើមួយករណី ហើយជាលទ្ធផល គឺរកឃើញក្រុមឈ្មួញ នាំយកឈើមកលាក់ទុកចំនួនបួនកន្លែងមានឈើចំនួន៩៩ដុំ។ ឈើអារបួនជ្រុង មុខកាត់ចាប់ពី ១៥ជុំ រហូតដល់ ៤០ជុំ នៅតាមផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្វាយ ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

សមត្ថកិច្ច បានឱ្យដឹងថា ឈើលេខ១ ប្រភេទសុក្រំ និងឈ្លីក ត្រូវបានមេឈ្មួញបញ្ចុះបញ្ចូលឱ្យប្រជាពលរដ្ឋចូលទៅលួចអារនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋ
កិច្ចកាលីនឆយ ដែលមានទីតាំងស្ថិតក្នុង ឃុំស្តៅ ស្រុកសង្គមថ្មី ដើម្បីយកមកលក់ឱ្យក្រុមឈ្មួញ ក្នុងមួយម៉ែត្រគូបតម្លៃ ៣០០ដុល្លារអាមេរិក។ បច្ចុប្បន្ននេះ វត្ថុតាងមានឈើចំនួន ៩៩ដុំ ខាងលើ ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តតាមច្បាប់។

ប្រជាពលរដ្ឋខេត្តព្រះវិហារ បានលើកឡើងពីបទល្មើសបំផ្លាញព្រៃឈើ នៅព្រឹកថ្ងៃទី១១ ខែកក្កដាថា បទល្មើសព្រៃឈើនៅ ខេត្តព្រះវិហារ កើតមានឡើងពេញបន្ទុកស្ទើរតែគ្រប់ស្រុកទាំង០៧ នៃខេត្តព្រះវិហារ មានដូចជា៖ ស្រុកជ័យសែន- ស្រុកជាំក្សាន្ត ស្រុកគូលែន ដឹកចេញទៅខេត្តសៀមរាប និង ខេត្តកំពង់ធំ ជាដើម។

ប្រភពបន្តទៀតថា នៅក្នុងកាលៈទេសៈ ប្រទេសកម្ពុជា កំពុងរាតត្បាយដោយជំងឺកូវីដ-១៩ សង្កេតឃើញថា បទល្មើសព្រៃឈើបានធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ រួមមាននៅតំបន់ ព្រៃឈើព្រះរកា និងព្រៃឡង់ជាដើម។ ហើយថា បទល្មើសព្រៃឈើនេះ បានបទល្មើសព្រៃឈើខាងលើនេះ បានធ្វើសកម្មភាព ស្ទើរជារៀងរាល់យប់ថ្ងៃ។

ប្រភពដដែលក៏បានបញ្ជាក់ថា ដេប៉ូឈើក្រាំងដូង និងដេប៉ូឈើ នៅក្នុង ស្រុកជាំក្សាន្ត បានឲ្យដឹងដែរថា ពួកគេកាប់ឈើដឹកចេញពីព្រៃព្រះរកា និងព្រៃឡង់..។ ពួកគេគ្មានឈើ
ដឹកចេញពីព្រៃសប្បទានសេដ្ឋកិច្ច ទេ គឺមានតែកាប់ចេញពីតំបន់ព្រៃឡង់តែម្តង..៕

អត្ថបទដែលជាប់ទាក់ទង