អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការបង្រៀន តាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុន សែន ព្រៃនប់..

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានចុះពិនិត្យមើលការបង្រៀន និងការធ្វើតេស្តតាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ស្ថិតនៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នាឱកាសនោះ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរ អប់រំយុវជន យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ទីរបានធ្វើការបណ្តុះបណ្តាលបច្ចេកទេស ICT ដល់លោកគ្រូ អ្នកគ្រូ នៅតាមសាលាទាំង១០២ នៃខេត្តព្រះសីហនុ ដើម្បីបង្រៀនតាមប្រព័ន្ធ Online ដល់សិស្ស ស្របតាមបរិបទនៃជំងឺកូវីដ-១៩។ ហើយក្នុងនោះ ក៏មានការរៀន តាមបែបប្រពៃណីផងដែរ ចំពោះសិស្ស ដែលគ្មានស្មាតហ្វូន តែត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

ដោយឡែក លោកអភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរដល់លោកស្រីប្រធាន មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងថ្នាក់ដឹកនាំទាំងអស់ ជាពិសេសសាលាមេបណ្តាញទាំងបី ដែលបានជួយបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ នៃការបង្រៀនដល់សាលាទាំង១០២ ក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ ឱ្យបន្តអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងមាតាបិតាសិស្សជួយជម្រុញកូនចៅឱ្យរៀនតាមប្រព័ន្ធ Online និងការត្រៀមប្រឡងតេស្តបែបថ្មី តាម Google Form ឱ្យទទួលបានលទ្ធផលល្អគ្រប់សាលាទាំងអស់ ក្នុងខេត្តព្រះសីហនុ។

បន្ថែមលើនេះ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូ វិទ្យាល័យហ៊ុន សែន ព្រៃនប់ ចំនួន ៥៩នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ១០ម៉ឺនរៀល, ជូនវិទ្យាល័យហ៊ុន សែន ព្រៃនប់ ២លានរៀល និងលោកគ្រូ ICT ០៤នាក់ ក្នុងម្នាក់ៗ ១លានរៀល៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង