រាជរដ្ឋាភិបាលកម្ពុជា ផ្អាកការធ្វើដំណើរចេញ-ចូលព្រំដែនកម្ពុជា-វៀតណាម រយៈពេល១ខែ

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើដំណើរចេញ-ចូល ឬឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

បម្រាមនេះ សម្រាប់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានា របស់វៀតណាម រយៈពេល ០១ខែ ដែលអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១តទៅ លើកលែងតែអ្នកជំងឺ ដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្ម តបការអញ្ជើញរបស់អាជ្ញាធរ នៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬ ករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។

បើយោងតាមលិខិត របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជម្រាបមក លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដែលបណ្ដាញព័ត៌មាន សកម្មជនហ្វេសប៊ុកកម្ពុជាទើបទទួលបាន នៅមុននេះបន្តិច។

ក្រសួងការបរទេសកម្ពុជា បន្តទៀតថា ចំពោះបុគ្គលិក និងកម្មករជំនាញ របស់ក្រុមហ៊ុនវៀតណាមដែលបានចូលមកកម្ពុជា រួចហើយ ទាំងអ្នក ដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសវៀតណាម វិញទេ ក្នុងអំឡុងពេល នៃការផ្អាកការចេញចូលជាបណ្ដោះអាសន្ននេះ។

ក្រសួងការបរទេស សូមឲ្យលោកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឲ្យអាជ្ញាធរនៃប្រទេសទាំងពីរ ជួយសម្របសម្រួលកិច្ចដំណើរការ នៃការដឹកជញ្ជូននាំចេញ និងនាំចូលទំនិញនានា ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានសុខាភិបាល នៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង