បែកធ្លាយអ្នកទទួលខុសត្រូវ គម្រោងស្ដារបឹងបែកក្អម ​កិបកេងថវិកាជាតិរាប់លានដុល្លារ..?

ខេត្តកណ្តាល៖ ប្រភពពីមន្ត្រីក្រសួងធនធានទឹក និងប្រជាពលរដ្ឋរស់នៅស្រុកមុខកំពូល ខេត្តកណ្តាល បានអះអាងថា គម្រោងស្តារបឹងបែកក្អម មានទីតាំងនៅស្រុកមុខកំពូល ខេត្តកណ្តាល ដែលជា​​គោលនយោបាយសាច់ប្រាក់ពលកម្ម របស់រាជរដ្ឋាភិបាល ត្រូវបានមន្ត្រីទទួលខុសត្រូវលើការងារស្តារបឹងខាងលើនេះ លួចកិបកេងថវិកា របស់រដ្ឋ អស់រាប់លានដុល្លារអាមេរិក ដើម្បី​យក​ទៅចែកគ្នាចាយ យ៉ាងសប្បាយរីករាយ។ ហើយថា គម្រោង​​​​នេះ ត្រូវ​អ្នកទទួលខុស​ត្រូវលើការងារស្តារបឹងបែកក្អមនេះ បានលក់អាចម៍ដីទៅឲ្យឈ្មួញ ដើម្បីជីកកកាយយកអាចម៍ដីទៅលក់បន្តឲ្យក្រុមហ៊ុនបុរីផ្ទះល្វែង ក្នុងមួយហិកតាៗ មានតម្លៃរាប់ម៉ឺនដុល្លារឯណោះ..។

​​បឹងបែកក្អម ​មានទីតាំងនៅ​ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល​ ហើយមានទំហំ​ជាង​ ៥០ហិកតា។ ហើយ​គម្រោងស្ដារបឹងបែកក្អមខាងលើនេះ ​គ្រប់គ្រង​ដោយ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម។

ប្រភពពីមន្ត្រីក្រសួងធនធានទឹក បញ្ជាក់ថា ​គម្រោងស្ដារអភិវឌ្ឍន៍បឹងអូរធម្មជាតិ មានទីតាំងនៅ​ស្រុកមុខកំពូល ខេត្តកណ្ដាល ​របស់រាជរដ្ឋាភិបាលកម្ពុជា គឺមានមិនតិចជាង ២០កន្លែងនោះទេ​។​

មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសារ​បញ្ហាវិបត្តិ​ជំងឺកូវីដ-១៩ រាតត្បាតនៅទូទាំងប្រទេស ទើប​រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យ​ក្រសួងធនធានទឹក លើកជាគម្រោងសាច់ប្រាក់ពលកម្ម ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ដែលអត់មានការងារធ្វើ ឬរង់ផលប៉ះពាល់ពីជំងឺកូវីដ-១៩ អាចទៅធ្វើពលកម្មជីក ឬកាយដី ស្តារបឹងបែកក្អមនេះ ដើម្បីដូរយកសាច់ប្រាក់សុទ្ធ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ..។ ហើយថា គម្រោងនេះ ​ក្នុង​មួយឆ្នាំៗ រាជរដ្ឋាភិបាល បានចំណាយថវិការាប់លានដុល្លារ ដើម្បីផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋក្រីក្រ ដែល​រងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ហើយអត់ការងារធ្វើ ដោយប្រែក្លាយទៅជា «មានការងារធ្វើ» តាមរយៈ «គម្រោងសាច់ប្រាក់ពលកម្ម» ស្តារ​បឹងបែកក្អមខាងលើនេះឯង។

ទោះជាបែបនេះក្តី ប្រភពបញ្ជាក់ថា គម្រោងសាច់ប្រាក់ពលកម្ម ស្តារបឹងបែកក្អមនេះ គឺត្រូវបានអ្នកគ្រប់គ្រង ឬកាន់គម្រោងនេះ​ មិនបានចែករំលែកការងារស្តារបឹងនេះ ជូនប្រជាពលរដ្ឋ ឲ្យមានការងារធ្វើទេ។ ផ្ទុយទៅវិញបែរជា ​​មន្ត្រីគ្រប់គ្រងលើការងារស្តារបឹងបែកក្អមខាងលើ​ ​​យកគម្រោងស្តារបឹង​នេះ ទៅលក់ឲ្យក្រុមហ៊ុន ឬឈ្មួញ ដើម្បីជីកកកាយយកអាចម៍ដី ​នាំទៅចាក់បំពេញឲ្យក្រុមហ៊ុនបុរី ផ្ទះល្វែង ដោយក្នុងមួយហិកតាមានតម្លៃរាប់ម៉ឺនដុល្លារទៅវិញ?។ ហើយថា ករណីនេះ បានអនុវត្តផ្ទុយពី​គម្រោងសាច់ប្រាក់ពលកម្ម ដែលរាជរដ្ឋាភិបាល បានដាក់ចេញឲ្យអនុវត្ត..។

ផ្តើមពីបញ្ហានេះ ទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋរស់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល បានសំណូមពរដល់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេតសកម្មភាពចុះអនុវត្តគម្រោងស្ដារបឹងបែកក្អម របស់លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ថាតើបានអនុវត្តត្រឹមត្រូវដែរឬយ៉ាងណា? ប្រយោជន៍ដើម្បីឈានទៅមានវិធានការផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរ។ ត្បិតគម្រោង​សាច់ប្រាក់ពលកម្ម នៃការស្តារបឹងបែកក្អម សម្រាប់ផ្ដល់ឳកាសដល់ប្រជាពលរដ្ឋ មានការងារធ្វើ នៅក្នុងដំណាក់កាល​ជំងឺកូវីដ-១៩រាតត្បាតនេះ ​បែរជាអ្នកទទួលខុស​ត្រូវ​ បាន​លក់អាចម៍ដី​​ក្នុង​បឹងបែកក្អមនេះ ទៅឲ្យឈ្មួញ​នាំយកគ្រឿងចក្រ ជីកកកាយយកអាចម៍ដី ដឹកយកទៅចាក់បំពេញឲ្យក្រុមហ៊ុនសង់បុរី ឬផ្ទះល្វែង ដែលជាការអនុវត្តផ្ទុយពីគោលនយោបាយ របស់រាជរដ្ឋាភិបាល បានដាក់ចេញ​យ៉ាងគឃ្លើនបែបនេះទៅវិញ​?។

ទាក់ទិនបញ្ហានេះ លោក តុង ស៊ីវមី អភិបាល​ស្រុកមុខកំពូល ខេត្តកណ្តាល បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ​ការងារ​​ស្ដារដីបឹងបែកក្អម គឺជាគម្រោងរបស់ថ្នាក់ជាតិ ហើយក៏ត្រូវចំណាយលុយ​ជាតិផងដែរ។ ប៉ុន្តែចំពោះការចំណាយថវិកាអស់​ប៉ុន្មាននោះ រូបលោកមិនបានដឹងទេ..។ ហើយចំពោះ​ ករណីអ្នកគ្រប់គ្រង់គម្រោងស្តារបឹងបែកក្អម បានលក់អាចម៍ដីទៅឲ្យឈ្មួញជីកកាយយកអាចម៍​ដី ​ក្នុងមួយហិកតា ​មានតម្លៃរាប់ម៉ឺនដុល្លារនោះ ​គឺមិនពិតទេ។ ប៉ុន្តែបើជាការផ្តល់​លុយគុយទាវ ឬកាហ្វេ អាចមាន។

ចំណែក លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្ដាល បានឲ្យអង្គភាពសារព័ត៌មានមួយចំនួនដឹងថា មិន​ដឹងពីការលក់ដូរអាចម៍ដី នៃគម្រោងស្តារបឹងបែកក្អម​នោះទេ។ ហើយថា ការងារស្តារបឹងខាងលើនេះ គឺរូបលោករង់ចាំតែសមិទ្ធផលសម្រេច​ប៉ុណ្ណោះ។ រីឯរឿងលក់​ដូរអាចម៍ដីទៅឲ្យអ្នកនេះ ឬក្រុមហ៊ុននោះ គឺមិនពាក់ព័ន្ធជាមួយលោកឡើយ​។

យ៉ាងណាក៏ដោយចុះ គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាច​ទាក់ទង លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក ដែលជាអ្នកកាន់គម្រោងស្តារបឹងបែកក្អម មានទីតាំងនៅស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីបំភ្លឺលើករណីចោទប្រកាន់ពីភាពមិនប្រក្រតី​ ផ្តើមចេញពីគម្រោង​ស្តារបឹងបែកក្អម ខាងលើបាន​ទេ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង