លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ សម្រេចដោះលែង លោក រ័ត្ន សណ្តាប់ ​ឲ្យមានសេរីភាពវិញ ក្រោយជាប់ពន្ធនាគារ២ថ្ងៃ..

រាជធានីភ្នំពេញ​៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ គឺលោក ធាម ច័ន្ទពិសិដ្ឋ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១​ បានចេញដីកាបង្គាប់ឲ្យដោះលែង លោក រ័ត្ន សណ្តាប់ អាយុ ៤៨​ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឲ្យមានសេរីភាពវិញ បន្ទាប់ពីរូបលោក ត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគាររយៈពេល ០២ថ្ងៃ។

​កាល​ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន លោក រ័ត្ន សណ្តាប់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ​ចោទ​ពីបទ “រំលោភ​លើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ” តាមមាត្រា ៣៩១ មាត្រា ២៩២ និង មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២១។

​លោក រ័ត្ន សណ្តាប់ ត្រូវបានស្ត្រីជា ពាណិជ្ជករម្នាក់ប្តឹង ទាក់ទងករណី​រត់ការដោះស្រាយវិវាទដីធ្លី នៅចំណុច​ឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានអូសបន្លាយពេល​ជាង ៣ឆ្នាំកន្លងមក ប៉ុន្តែនៅមិន​ទទួលលទ្ធផលនោះទេ។ ហើយថា ក្នុងអំឡុងពេលរត់ការដោះស្រាយវិវាទដីធ្លីខាងលើនេះ គឺលោក រ័ត្ន សណ្តាប់ បានយកលុយពី ស្ត្រីពាណិជ្ជករ ម្នាក់នោះ អស់រាប់ម៉ឺនដុល្លារអាមេរិក ដោយពុំបានធ្វើកិច្ចការអ្វីសោះឡើយ។ ហើយក៏ត្រូវស្ត្រីពាណិជ្ជករ ម្នាក់នេះ ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស និងត្រូវឃុំខ្លួនក្នុងពន្ធនាគារបណ្តោះអាសន្នរយៈពេល ២ថ្ងៃ ហើយទើបត្រូវបានដោះលែងនៅថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ​២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង