​ពិន័យមន្ត្រីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ២រូប ​​ពោះកំហុសឆ្គងមិនប្រកាសលទ្ធផលប្រកួត រវាងកីឡារ ឃីម បូរ៉ា និង ម៉ឺន មេឃា នៅ​ CTN

រាជភ្នំពេញ៖  ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន បានចេញលិខិតចំនួន ៣ច្បាប់ ដូចៗគ្នា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ​ដោយបានសម្រេចដាក់ពិន័យផ្អាកការងារ សមា​ជិក​គណៈកម្មាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាស្នងការប្រកួតប្រចាំស្ថានីយ៍ទូរទស្សន៍ CNC រយៈពេល ៦សប្ដាហ៍ ដែលមានកំហុសឆ្គង ក្នុងការផ្ដល់យោបល់លើការកាត់សេចក្ដីប្រកួត រវាងកីឡាករ ឃីម បូរ៉ា និងកីឡាករ ម៉ឺន មេឃា មិនត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតរបស់សហព័ន្ធ។

សេចក្តីសម្រេចនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានដាក់ពិន័យផ្អាកការងារ​ អាជ្ញាកណ្ដាល ​ដឹកនាំការប្រកួត​រយៈពេល ៤សប្ដាហ៍ ព្រោះមានកំហុសឆ្គងធ្វេសប្រហែស និងយឺតយ៉ាវ​ ធ្វើការព្រមានដល់កីឡាករ ម៉ឺន មេឃា ជាលើកដំបូង ដែលប្រកួតខុសបច្ចេកទេស ​កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅស្ថានីយ៍ទូរទស្សន៍ CNC ជួបប្រកួតជាមួយកីឡាករ ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ។

​ប្រភពមន្ត្រីសហព័ន្ធកីឡាប្រដាល់គុនខ្មែរម្នាក់ បានឲ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១​នេះថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ​បានសម្រេចដាក់​ពិន័យផ្អាកការងារ លោក មាស សុខគ្រី សមា​ជិក​គណៈកម្មាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាស្នងការប្រកួតប្រចាំស្ថានីយ៍ទូរទស្សន៍ CNC រយៈពេល ៦សប្ដាហ៍ ព្រោះមានកំហុសឆ្គង ក្នុងការផ្ដល់យោបល់លើការកាត់សេចក្ដីប្រកួត រវាងកីឡាករ ឃីម បូរ៉ា និងកីឡាករ ម៉ឺន មេឃា មិនត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេស នៃការប្រកួត របស់​សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

ប្រភពបន្តទៀតថា ចំណែកសេចក្ដីសម្រេចមួយទៀត ក៏បានដាក់ពិន័យផ្អាកការងារ លោក រាម កុសល អាជ្ញាកណ្ដាល ដឹកនាំការប្រកួតកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅស្ថានីយ៍ទូរទស្សន៍ CNC រវាងកីឡាករ ឃីម បូរ៉ា និងកីឡាករ ម៉ឺន មេឃា ដែលមានកំហុសឆ្គងធ្វេសប្រហែស និងយឺតយ៉ាវ ដោយត្រូវពិន័យមិនឱ្យធ្វើ​អាជ្ញាកណ្ដាល និងចៅក្រម រយៈពេល ៤សប្ដាហ៍ ដើម្បីសិក្សា និងស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់ខ្លួន ឲ្យបានច្បាស់លាស់បន្ថែមទៀត។

​បន្ថែមលើនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បាន​ព្រមានជាលើកទី១ ដល់កីឡាករ ម៉ឺន មេឃា រាល់ការប្រកួតត្រូវតែគោរពតាមបទបញ្ជា នៃការប្រកួត ជាពិសេសត្រូវមានក្រមសីល​ធម៌ខ្ពស់ នៅពេលប្រកួត។

​លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១​ថា យើងត្រូវតែអនុវត្តក្របខណ្ឌបច្ចេកទេសទាំងអស់ ដោយគ្មានការយោគយល់ឡើយ គឺគ្មានការ«សុំ»ទៀតនោះទេ។ បើសិនជាលោកនៅទីនោះផ្ទាល់ គឺត្រូវតែកាត់សេចក្ដីឱ្យមានការឈ្នះចាញ់ភ្លាមៗតែម្តង…។ លោកថា ពេលប្រកួតនោះ លោកជាប់​យកសំណាក ពិនិត្យជំងឺកូវីដ-១៩ ដូច្នេះរឿងនេះ អាជ្ញាកណ្ដាលយើងយឺតយ៉ាវ។

​លោក​ តែម ម៉ឺន បញ្ជាក់ថា ​ពិតជាបានដាក់ពិន័យមន្ត្រីពីររូបខាងលើ ពិតប្រាកដមែន។ ហើយយើងធ្វើអ្វីៗទៅតាមច្បាប់ នៃបទបញ្ជាការប្រកួតរបស់សហព័ន្ធ។

ចំណែកលោក មាស សុខគ្រី ដែលប្រឡូកការងារក្នុងវិស័យកីឡាប្រដាល់ដុះស្លែ ថ្លែងបដិសេធថា រូបលោកមិនអាចទទួលយកបាទ ចំពោះការដាក់ពិន័យរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរនេះទេ។ ពីព្រោះវាមិនមែនមានកំហុតឆ្គង់តែរូបលោកម្នាក់ឯងឡើយ ហើយរឿងន មានអ្នកទទួលខុសត្រូវច្រើននាក់ទៀត។ លោកថា រឿងនេះ បើ​​​ដាក់ពិន័យអ្នកពាក់ព័ន្ធទាំងអស់ជាមួយគ្នា ទើបរូបលោកទទួលយក​បាន។

លោក មាស សុខគ្រី បន្តថា នៅក្នុងរឿងនេះ គ្រាន់តែសម្ដេចតេជោ ប្រតិកម្មតែបន្តិចម្នាក់ៗសុទ្ធតែ «បេះដូងកញ្ចាញ់ចេក» រត់ចោលយករួចខ្លួន​ ហើយមកដាក់កំហុសតែមនុស្សម្នាក់ពីរនាក់ វាមិនសមទាល់តែសោះ។ លោកមានការសោកស្ដាយ ពីព្រោះវិធីដោះស្រាយវាមានច្រើនណាស់ ហេតុអ្វីមិនធ្វើ ឬមិនលើកយកមកអនុវត្ត?

គួររំលឹកថា ចំពោះការប្រកួតរវាងកីឡាករ​ ម៉ឺន មេឃា និងកីឡាករ ឃីម បូរ៉ា បានឈាន​ដល់ទឹកទី៣ ក៏ត្រូវកីឡាករ ម៉ឺន មេឃា បានចាប់ជើងកីឡាករ ឃីម បូរ៉ា ត្រកងបោកលើកម្រាលសង្វៀនប្រកួតសន្លប់ស្តូកស្តឹងតែម្ដង។ ខណៈនោះពិធីករ នៃទូរទស្សន៍ CTN ​បានប្រកាសថា គូប្រកួតនេះ មិនប្រកាសលទ្ធផលទេ គឺទុកពេលពីរសប្ដាហ៍ទៀតជួបគ្នាឡើងវិញ។ ប៉ុន្តែដោយទំនងជាមើល
ឃើញ​​ពីកំហុសឆ្គង ក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ​កាន់តែធ្ងន់ធ្ងរនោះ ទើប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសារប្រតិកម្ម នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់សម្តេច កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០២១ អំពីការប្រកួតខុសក្បួនគុនខ្មែរ។ លុះព្រឹកឡើងនៅថ្ងៃទី១២ ខែកក្កដា ក៏ឃើញស្ថានីយ៍ទូរទស្សន៍ស៊ីអ៊ិនស៊ី (CNC) រួមសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសជាផ្លូវការឱ្យកីឡាករ ឃីម បូរ៉ា ​ឈ្នះ​ជើងឯកគោជល់ និងកីឡាករ ម៉ឺន មេឃា ជាជើងឯករង៕

អត្ថបទដែលជាប់ទាក់ទង