នគរបាលខណ្ឌកំបូល បញ្ជូនសង្ឃក្លែងក្លាយ១៨នាក់ ទៅតុលាការផ្តន្ទាទោស..

រាជធានីភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បាន​ស្រាវជ្រាវ​ និងចាប់ខ្លួនជាបន្ដបន្ទាប់ ជនសង្ស័យចំនួន ១៨នាក់ ដែលបន្លំខ្លួនជាព្រះសង្ឃ ដើរបិណ្ឌបាត្របោកប្រាស់ ប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រខណ្ឌកំបូល រាជធានីភ្នំពេញ ហើយក្នុងនោះមានមួយចំនួន ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

ប្រតិបត្តិការណ៍នេះ​ បានធ្វើឡើងបន្ទាប់ពីមាន ប្រជាពលរដ្ឋ បានរាយការណ៍ថា មានមនុស្សមួយក្រុម បានមកជួលផ្ទះស្នាក់នៅក្នុងបុរីពិភពថ្មីកំបូល៣ ស្ថិតក្នុងខណ្ឌកំបូល ដោយនៅពេលព្រឹកឃើញយុវជនទាំងនោះ ស្លៀកពាក់គ្រងស្បង់ជីវរក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ពី ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំពូល ជាយូរមកហើយ។

សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនសង្ស័យ ១០នាក់ ក្នុងនោះគ្រងស្បង់ជីវរក្លែងជាព្រះសង្ឃ ០៩នាក់ និង០១នាក់ទៀត ជាអ្នកបើករថយន្ត ត្រូវបានចាប់ខ្លួន ខណៈកំពុងបើករថយន្តម៉ាកកូរ៉ូឡា ដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះ ពីគោលដៅមួយចំនួន ក្រោយពីវិលពី រៃអង្គាសប្រាក់ពី ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរួច។

បន្ទាប់ពីសាកសួរជនសង្ស័យទាំងនេះ កម្លាំងនគរបាលខណ្ឌកំបូល ក៏បានបន្តចាប់ខ្លួនបក្ខពួកជនសង្ស័យក្លែងជាព្រះសង្ឃ ចំនួន ០៨នាក់ទៀត។

ក្រោយចាប់ខ្លួន ជនសង្ស័យជាសង្ឃក្លែងក្លាយ ត្រូវបានព្រះអនុគុណខណ្ឌកំបូល ចាប់ផ្សឹកហើយប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ជីវរ ទៅសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបន្តថា​ ក្នុងចំណោមជនសង្ស័យក្លែងជាសង្ឃខាងលើនេះ គឺមាន០៧នាក់ បានធ្វើតេស្តរកឃើញ មានផ្ទុកសារធាតុញៀន។

តាមចម្លើយសារភាព របស់ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា ពួកគេធ្វើសកម្មភាពក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាត្រ នៅតាមគោលដៅនានា នៅមូលដ្ខានខណ្ឌកំបូល និងមូលដ្ឋានជាច្រើនទៀត ជាយូរមកហើយៗ សកម្មភាពនេះ ក្រោមការចាត់ចែង របស់មេខ្យល់ ឈ្មោះ ម៉េង មានអាយុប្រហែល ២៥ឆ្នាំ ដោយក្នុងមួយថ្ងៃម ពួកគេរៃអង្គាសប្រាក់ បានចន្លោះពី ៨ម៉ឺន ទៅ១០ម៉ឺនរៀល។ ក្នុងនោះមេខ្យល់ ឈ្មោះ ម៉េង តម្រូវបង់ឲ្យគេ ក្នុងម្នាក់ពី ៣ម៉ឺន ទៅ ៣ម៉ឺ៥ពាន់រៀល ហើយនៅសល់ប្រាក់ប៉ុន្មានទៀត គឺពួកខ្លួន ទុកចាត់ចែងចាយវាយខ្លួនឯង។

បច្ចុប្បន្នជនសង្ស័យទាំង១៨នាក់ ត្រូវបានកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌខណ្ឌកំបូល បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង