ឧកញ៉ា ទៀ វិចិត្រ៖ មានសត្វល្មិច ​ឬអណ្តើកសមុទ្រជាង​២០០ក្បាល ដែលរូបលោកលែងចូលសមុទ្រដើម្បីអភិរក្ស..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ មួយក្បាល​ទៀត យកទៅ​លែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ បន្ទាប់ពីអ្នកនេសាទសមុទ្រ បាននាំយកសត្វកម្រមួយក្បាលនេះ មកប្រគល់ជូនរូបលោក។ លោកឧកញ៉ា បន្តថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២១​ សកម្មភាពលែងសត្វល្មិច ឬអណ្តើកសមុទ្រ ដើម្បីធ្វើការអភិរក្សជាបន្តបន្ទាប់មកនេះ គឺជាលើកទី១២៦ហើយៗ បើសរុបសត្វល្មិច ឬអណ្តើកសមុទ្រ ដែលលោកបានលែង​ មាន​ចំនួនជាង ២០០ក្បាលរួចហើយ។

​លោកឧកញ៉ា ទៀ វិចិត្រ បន្តថា នៅពេលរូបលោកនាំយកសត្វកម្រខាងលើ យកទៅលែងឲ្យរស់នៅក្នុងសមុទ្រវិញ គឺរូបលោកតែងបានកឹបសៀល​ សម្គាល់សត្វល្មិច ឬអណ្តើកសមុទ្រ ដែល​ជាសញ្ញាសម្គាល់ក្នុងគោលការណ៍ អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ។ ហើយថា សៀលដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រជាបន្តបន្ទាប់មកនេះគឺ KH0386។

​មន្ត្រីជំនាញជលផល បានឲ្យដឹង​ថា ការកឹបសៀល សម្គាល់នៅលើសត្វកម្រប្រភេទនេះ គឺមានសារៈសំខាន់​ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាលក្ខណៈអន្តរជាតិ។ ហើយព្រោះប្រសិនបើ មានការនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ ដែលឃើញមានកឹបសៀលសម្គាល់គឺ អ្នកនេសាទទាំងនៅក្នុងប្រទេសកម្ពុជា ឬអ្នកនេសាទ នៅតាមបណ្តាប្រទេសនានា នឹង​លែងសត្វកម្រទាំងនោះ ចូល​ទៅក្នុងសមុទ្រ​វិញ ដោយមិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មនោះទេ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា តាមការកត់សម្គាល់​នៅក្នុងរយៈពេលចុងក្រោយនេះ ឃើញមានអ្នកនេសា​ទសមុទ្រភាគច្រើន នៅពេលពួកគាត់នេសាទ​បានសត្វល្មិច ឬអណ្តើកសមុទ្រ គឺតែងបាននាំ​យក​​មកទាំងនោះ មកប្រគល់ជូនរូបលោក​ ដើម្បី​ឲ្យនាំយកលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។

ត្រង់ចំណុចនេះ លោកឧកញ៉ា ទៀ វិចិត្រ ​បានថ្លែងអំណរគុណ​ដល់​បងប្អូនអ្នកនេសាទ ដែលតែងតែចូលរួមសហការ និងការពារអភិរក្សសត្វសមុទ្រកម្រជាសកល ជាមួយរូបលោក ក៏ដូចជាជាមួយសង្គមជាតិ ដោយមិនស្លាប់ និងមិន​យកទៅធ្វើអាជីវកម្មផ្សេងៗជាដើម៕

អត្ថបទដែលជាប់ទាក់ទង