អតីតអ្នកប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង ឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងកំពុងព្យាបាលនៅស្តាតអូឡាំពិក

រាជធានីភ្នំពេញ៖ អតីតអ្នកប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង បានឆ្លងជំងឺកូវីដ-១៩ ជិតមួយសប្តាហ៍កន្លងមកហើយៗ បច្ចុប្បន្ន លោក អេ ភូថង ដែលមានវ័យ ៤៦ឆ្នាំ មានអាការៈធ្ងន់ធ្ងររហូតដាក់ «បំពង់ជំនួយដកដង្ហើម» នៅកន្លែងព្យាបាលជំងឺ ក្នុងស្តាតអូឡាំពិក។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឲ្យដឹងនៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះថា លោក អេ
ភូថង ពិតជាបានឆ្លងជំងឺកូវីដ-១៩ ពិតមែន គឺមានរយៈពេលជិត ០១សប្ដាហ៍មកហើយ។

លោកបន្តថា ពេលនេះ លោក អេ ភូថង មានសុខភាពល្អប្រសើរជាងមុនច្រើន។ ហើយថា រូបលោកបានទាក់ទងសួរសុខទុក្ខគាត់ ជារៀងរាល់ថ្ងៃ..។ ចំណែកឯប្រពន្ធ កូន និងអ្នកពាក់ព័ន្ធដទៃទៀត មិនឆ្លងជំងឺនេះទេ។

អ្នកប្រដាល់ អេ ភូថង ដ៏ល្បីល្បាញនៃកម្ពុជា បន្ទាប់ពីឈប់ឡើងសង្វៀនប្រកួតដោយសារវ័យចាស់។ ហើយពេកនេះ រូបគាត់ ក៏បានក្លាយជាគ្រូបង្វឹកកីឡាប្រដាល់ ប្រចាំ «ក្លិបអេភូថងកីឡា»។ ហើយបច្ចុប្បន្ន ក្លិបនេះ កូនប្រុសរបស់គាត់ឈ្មោះ ម៉ឺន មេឃា ដែលជាអ្នកប្រដាល់ស្រករក្រោយ ក៏មានឈ្មោះបោះសំឡេងមិនចាញ់ ឳពុករបស់គេប៉ុន្មានឡើយ។

អ្នកស្រី សាំង សុម៉ាលី ភរិយាលោក អេ ភូថង បានឲ្យដឹងនៅព្រលប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថា រូបគាត់ មិនឆ្លងជំងឺកូវីដ-១៩
ដូចប្ដីគាត់ទេ។ ប៉ុន្តែរូបគាត់ បានស្នើសុំគ្រូពេទ្យ ដើម្បីមកមើលថែទាំប្ដី របស់គាត់ ដោយផ្ទាល់ ដោយបានការពារខ្លួន តាមក្បួនពេទ្យត្រឹមត្រូវ។

មុនពេលឆ្លងជំងឺកូវីដ-១៩ លោក អេ ភូថង គេសង្កេតឃើញដុះក្បាលពោះធំ ហើយភរិយាគាត់ ក៏បសនឲ្យដឹងថា រូបគាត់ក៏មានលើសជាតិអាស៊ីត ខ្លាញ់រុំបេះដូង និងលើសជាតិស្ករបន្តិចផងដែរ។ បុន្តែចំពោះបញ្ហាធ្វើទុក្ខដោយ ជំងឺកូវីដ-១៩ ដូចជា៖ ក្អក ក្ដៅខ្លួន និងឈឺបំពង់ក គឺគ្មានឡើយ។

បន្ថែមលើនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោ ហ៊ុន សែន ក៏កំពុងដុតដៃដុតជើង ជួយព្យាបាលជំងឺកូវីដ-១៩ ជូន លោក អេ ភូថង ដោយយកចិត្តទុកដាក់ និងបានធូរស្បើយច្រើនជាងមុន។

ដោយឡែក ចំពោះមហាជនខ្មែរទូទៅ ដែលស្នេហាវិស័យកីឡាប្រដាល់កម្ពុជា បានបួងសួងឱ្យ លោក អេ ភូថង ឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង