មន្ទីរពេទ្យខេត្តព្រះសីហនុ តម្លើងម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែន ក្នុងមួយថ្ងៃផលិតបាន៤២០ម៉ែត្រគីប ឬស្មើ៧០បំពង់

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅព្រឹកទី១៧ ខែកក្កដា ឆ្នាំ២០២១ បានចុះពិនិត្យចង្វាក់ផលិតកម្ម ការផលិតខ្យល់អុកស៊ីហ្សែន ដែលទើបតម្លើងថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

នាឱកាសនោះ លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងការតម្លើងម៉ាស៊ីនថ្មីនេះ គឺសម្រាប់ផលិតខ្យល់អុកស៊ីហ្សែន ដែលមានសមត្ថភាពផលិត ក្នុងមួយម៉ោងបាន ៣៥ម៉ែត្រគីប ឬស្មើនឹង ៥បំពង់ ដោយអាចផ្គត់ផ្គង់ទុកសម្រាប់ប្រើប្រាស់ ក្នុងការជួយសង្គ្រោះអ្នកជំងឺឱ្យទាន់ពេលវេលា។

ដោយឡែក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មី និងជាមោទនភាព ដែលខេត្តព្រះសីហនុ មានម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែន ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យ ដែលអាចជួយសង្គ្រោះដល់ជនរងគ្រោះ។ ហើយថា ការផលិតខ្យល់អុកស៊ីហ្សែននេះ អាចមានលទ្ធភាពផលិតខ្យល់អុកស៊ីហ្សែន ក្នុងមួយថ្ងៃបានចំនួន ៤២០ម៉ែត្រគីប ស្មើនឹង ៧០បំពង់ ដែលអាចបំពេញតាមតម្រូវការ ប្រចាំថ្ងៃ របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានរំលឹកដល់ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលប្រចាំការនៅក្នុងបន្ទប់ពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើតេស្តរកមេរោគ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងផ្ដល់ទំនុកចិត្តដល់ ប្រជាពលរដ្ឋ ដែលបានធ្វើតេស្ត រកមេរោគផ្សេងៗ ជាពិសេសមេរោគជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត ក្នុងខេត្តព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង