សមត្ថកិច្ចចម្រុះថៃ ឃាត់ខ្លួនពលករខ្មែរ​៥នាក់ និងមេខ្យល់ជនជាតិថៃម្នាក់​

ខេត្តបន្ទាយមានជ័យ​៖ សមត្ថកិច្ចចម្រុះប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ​សមត្ថកិច្ចតម្រួតខ្លងលឹក សហការជាមួយអាជ្ញាធរស្រុកអារញ្ញ និងទាហានកងរយឈុតខ្មៅទី១.២០៥ បានឃាត់ខ្លួនពលករខ្មែរចំនួន ០៥នាក់ និងមេខ្យល់ជនជាតិថៃម្នាក់ នៅបរិវេណប៉ុស្ត៍ត្រួតពិនិត្យភូមិម៉ៃឌីង៉ាម ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ​។

​សមត្ថកិច្ច​នៅតាមបន្ទាត់ព្រំដែន បញ្ជាក់ថា​ ទាំងមេខ្យល់ជនជាតិថៃ និងពលករខ្មែរ ដែលសមត្ថកិច្ចថៃ ចាប់ខ្លួនទាំង​ ០៦នាក់នោះ មានឈ្មោះ៖

១- ឈ្មោះ ស្រី អ៊ីន ភេទស្រី អាយុ ៣១ឆ្នាំ

២- ឈ្មោះ លៀង ឡូន ភេទស្រី អាយុ ២៩ឆ្នាំ

៣- ឈ្មោះ ចាន់ ណារត្ន័ ភេទប្រុស អាយុ ៣៧ឆ្នាំ

៤​- ឈ្មោះ អៀត សូម ភេទស្រី អាយុ ២៣ឆ្នាំ

៥- ឈ្មោះ ស៊ីង រ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ

៦- មេខ្យល់ជនជាតិថៃ មានឈ្មោះ ចេតតា គង់ ភេទប្រុស អាយុ ២៩ឆ្នាំ រួមទាំងវត្ថុតាង រថយន្តភីកអាប់ តូយ៉ូតាមួយគ្រឿង ។

ក្រោយសមត្ថកិច្ចចម្រុះថៃឃាត់ខ្លួន ពលករទាំង ០៥នាក់ ក៏បាននាំទៅសួរនាំ និងធ្វើកំណត់ហេតុចាប់ឃាត់ខ្លួន។ ហើយចំពោះមេខ្យល់ជនជាតិថៃ សមត្ថកិច្ចថៃ បាន​ចោទប្រកាន់ពីបទ លួចដឹកជញ្ជូនពលករបរទេស ឆ្លងដែនដោយខុសច្បាប់​។

ដោយឡែកពលករខ្មែរទាំង ០៥នាក់ បានប្រាប់សមត្ថកិច្ចថា ​ពួកគេធ្វើការនៅផ្សារថៃ និងត្រូវការធ្វើដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសារតែជំងឺកូវីដ-១៩ រាតត្បាតកាន់​តែរីករាល​ដាលខ្លាំងឡើង ហើយពួកគេ ក៏បានជួលរថយន្តដឹកពួកគេ ឆ្ពោះមកព្រំដែនខេត្តស្រះកែវ ក្នុងតម្លៃក្នុងម្នាក់ ១,៥០០បាត​។

ក្រោយពីសមត្ថកិច្ចសួ​ចម្លើយរួចរាល់ ពលករទាំងនោះ ត្រូវបានបញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញខ្លងលឹក ដើម្បី​បន្តនីតិវិធីតាមច្បាប់៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង