ពលរដ្ឋ​ទៅចូលរួមបុណ្យសព នៅស្រុកស្ទឹងហាវ បានឆ្លងជំងឺកូវីដ​៦០នាក់ហើយ​ គិតត្រឹមថ្ងៃទី២២ ខែកក្កដា

ខេត្តព្រះសីហនុ៖ អភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា បានឲ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២១នេះ​ថា ករណីប្រជាពលរដ្ឋ រស់នៅភូមិ៣ ឃុំអូរត្រេះ ស្រុងស្ទឹងហាវ បានឆ្លងជំងឺកូវីដ-១៩ ក្រោយបានចូលរួមបុណ្យសពស្ត្រីវ័យចំណាស់ម្នាក់ ​ដែលមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែកក្កដា ​​​ពេលនេះ អាជ្ញាធរបានគ្រប់គ្រងភូមិខាងលើនេះទាំងស្រុងហើយៗ ក៏បានអនុវត្តន៍វិធានការសុខាភិបាល។ ​លោកអភិបាលស្រុក បន្តថា ចំពោះពលរដ្ឋដែលជាប់ពាក់ពន្ធ័ដោយផ្ទាល់ គឺអាជ្ញាធរតម្រូវឲ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន ដោយរង់ចាំការធ្វើតេស្តសំណាកជាលើកទី២ និងហាមឃាត់ការធ្វើដំណើរចល័តចេញពីលំនៅដ្ឋាន របស់ខ្លួន។

មន្ត្រីសុខាភិបាល ខេត្តព្រះសីហនុ ​បញ្ជាក់ថា គិតត្រឹមថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ ចំពោះប្រជាពលរដ្ឋ ដែលបានទៅចូលបុណ្យសពស្ត្រីវ័យចំណាស់ម្នាក់ មានលំនៅដ្ឋានរស់នៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ ត្រូវមន្ត្រីសុខាភិបាល បានចុះទៅធ្វើតេសត្តរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៦០នាក់​ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

សូមរម្លឹកថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កន្លងមក មានស្ត្រីវ័យចំណាស់ម្នាក់ ឈ្មោះ គង់ ពៅ ភេទស្រី អាយុ ៧៤ឆ្នាំ បានស្លាប់ ក្រោយមានជំងឺរ៉ាំរ៉ៃ អូសបន្លាយពេលប្រមាណ ០៥ខែកន្លង​មកហើយ។

​ចំពោះការស្លាប់នេះ អាជ្ញាធរមូលដ្ឋាន ក៏បានចុះទៅណែនាំគ្រួសារសព មិនទាន់អនុញ្ញាតឱ្យធ្វើពិធីបុណ្យទេ ត្រូវរង់ចាំការយកសំណាកសិន ក្នុងករណីសំណាកអវិជ្ជមាន ទើបអាចធ្វើបុណ្យតាមប្រពៃណី តែជាលក្ខណ:គ្រួសារ និងមិនឱ្យមានការប្រមូលផ្តុំនោះទេ។ ប៉ុន្តែបើក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩ គឺត្រូវវេចខ្ចប់សព ទៅបូជាតាមគោលការណ៍ របស់ក្រសួងសុខាភិបាល និងត្រូវបិទទីតាំងនោះ ហើយអ្នក​​ពាក់ព័ន្ធត្រូវយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ទាំងអស់គ្នា។

ក្រោយមកក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ក៏បានចុះយកវត្ថុសំណាកសាកស ខាងលើ យកមកពិនិត្យ ហើយបានរកឃើញ​ វិជ្ជមានជំងឺកូវីដ-១៩ និងបានវេចខ្ចប់សាកសពនោះ យកទៅបូជា តាមវិធានសុខាភិបាល នៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ដោយមិនអនុញ្ញាតឱ្យរៀបចំពិធីបុណ្យសពទេ។

តាមព័ត៌មានដែលទទួលបាន ទោះបីជាមិនមានការរៀបចំពិធីបុណ្ប ក៏នៅតែមានប្រជាពលរដ្ឋ ក្នុងភូមិមួយចំនួនឆ្លៀតទៅចូលបុណ្យជាមួយគ្រួសារសព ដោយមិនស្តាប់តាមការណែនាំ របស់អាជ្ញាធរនោះឡើយ ដែលជាហេតុធ្វើឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ ហើយបើគិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦០នាក់រួចហើយ។

ត្រង់ចំណុចនេះ​​ ហាក់បង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋ​រស់នៅតាមមូលដ្ឋានមួយចំនួន ជាពិសេសពលរដ្ឋរស់នៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ គឺនៅ​មិនទាន់បានចូលរួមអនុវត្តតាមការណែនាំ របស់រដ្ឋបាលខេត្តព្រះសីហនុ- អាជ្ញាធរស្រុក-ឃុំ ជាពិសេសវិធានការនានា ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអនុសាសន៍ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួននៅឡើយទេ ទើបធ្វើឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ពេញភូមិបែបនេះ៕ ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង