នគរបាលខេត្តព្រះសីហនុ បញ្ជូន​ខ្លួនជនជាតិចិន៤នាក់ ទៅ​​តុលាការផ្តន្ទាទោស ពាក់ព័ន្ធ​ករណីចាប់ជំរិត​

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹង​នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ កម្លាំងជំនាញរបស់លោក បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យជនជាតិចិនចំនួន ០៤នាក់ និងវត្ថុតាង ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធបទល្មើសចាប់ជំរិតមនុស្សទារប្រាក់។

លោកបន្តថា កាលពីថ្ងៃទី២១ ខែកក្កដា កម្លាំងជំនាញលោក បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន០៤នាក់ ដែលបានចាប់បុរសជនជាតិចិនម្នាក់ ញាត់បញ្ជូនក្នុងរថយន្ត រួចក៏បើកបម្រុងគេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងជំនាញ ទទួលបានព័ត៌មាននេះភ្លាម ក៏ដេញតាមនិងឈានទៅឃាត់ខ្លួនជនល្មើសទាំង០៤នាក់ និងរំដោះជនរងគ្រោះដោយសុវត្ថិភាព។

លោក ជួន ណារិន្ទ បញ្ជាក់ថា ជនសង្ស័យជនជាតិចិនទាំង ០៤នាក់រួមមាន៖

– ឈ្មោះ LAI XING YONG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– ឈ្មោះ JIA YONG SHENG ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាដក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– ឈ្មោះ HUANG YOU TAO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ និងឈ្មោះ ZHANG KE WEI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– ឈ្មោះ ZHANG TAO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បើកកន្លែងផលិតទឹកបរិសុទ្ធ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាក់ថា ការឈានដល់ចាប់ខ្លួនជនល្មើសទាំង ០៤នាក់នេះ បន្ទាប់ពីប្រជាពលរដ្ឋផ្តល់ព័ត៌មានមកសមត្ថកិច្ចថា មានជនជាតិចិនមួយក្រុម បានចាប់បុរសជនជាតិចិនម្នាក់ រុញបញ្ចូលក្នុងរថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-9381 នៅចំណុចលើផ្លូវក្បែរកាស៊ីណូ ប៉ាវទូ ស្ថិតនៅភូមិ២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ រួចជិះឆ្ពោះទៅរង្វង់មូលត្រីដូហ្វីន។ ហើយ ក្រោយទទួលបានព័ត៍មាននេះភ្លាម កម្លាំងជំនាញក្រោមឱវាទរបស់លោក ក៏បានសហការគ្នាដេញតាមចាប់ជនសង្សយ័ រហូត​ដល់​ចំណុចផ្លូវបុរីគុជអាស៊ី ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ទើបស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបាន ០៤នាក់ និងរំដោះជនរងគ្រោះ ជាក់ស្តែងនៅកន្លែងកើតហេតុតែម្តង។

លោក ជួន ណារិន្ទ បន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាង រថយន្ត០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-9381។ បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ បានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីរួចហើយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ប៉ុន្តែការចោទប្រកាន់ ឬផ្តន្ទាទោសបែបណា សិទ្ធិសម្រេចរបស់​តុលាការ៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង