រដ្ឋបាលរាជធានីភ្នំពេញ បន្ដផ្អាកអាជីវកម្ម ដែលមានហានិភ័យឆ្លងជំងឺកូវីដ និងមិនឲ្យជួបជុំ១៤ថ្ងៃទៀត

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដាក់ចេញ នូវវិធានការរដ្ឋបាល ផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានីភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ  ចាប់ពីម៉ោងសូន្យថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។

ប្រការ២ នៃសេចក្ដីសម្រេចខាងលើនេះ បញ្ជាក់ថា ក្នុងអំឡុងពេល នៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានីភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖
– សាលារៀន រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងសាលារៀន ដែលបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ

– អាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ ជាអាទិ៍៖ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៉ីណូ

– រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្ដនានា

– អាជីវកម្មម៉ាស្សា

– រោងភាពយន្ដ រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

ក្រៅពីនេះ អាជ្ញាធរ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

បន្ថែមលើនេះ ក៏ត្រូវផ្អាកជាបណ្ដោះអាសន្ន រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានលក្ខណៈកុះករកកកុញ មិនឲ្យលើសទី១៥នាក់ លើកលែងតែចំពោះករណី ដូចមានកំណត់នៅក្នុងប្រការ៣ នៃសេចក្ដីសម្រេចនេះ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១៖

អត្ថបទដែលជាប់ទាក់ទង