ក្រសួងប្រៃសណីយ៍ ព្រមានក្រុមហ៊ុនទូរសព្ទ ត្រូវបញ្ឈប់ហៅទូរសព្ទ ដើម្បីផ្សាយសេវាកម្មផ្សេងៗរបស់ខ្លួន រំខានអ្នកប្រើប្រាស់!

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមានក្រុមហ៊ុនទូរស័ព្ទ ឬប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត ត្រូវបញ្ឈប់រាល់ការរំខាន ដោយហៅទូរស័ព្ទទៅកាន់អ្នកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម លើសេវាកម្មបន្ថែមផ្សេងៗ របស់ខ្លួន ជាបន្ទាន់។

សារព្រមាននេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹង ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងប្រៃសណីយ៍ បញ្ជាក់ថា កន្លងមកនេះ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានរកឃើញថា ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត របស់ក្រុមហ៊ុនទូរស័ព្ទមួយចំនួន បានប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នាជាច្រើន ហៅចូលទៅកាន់អ្នកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាបន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់ មិនបានចុះឈ្មោះប្រើប្រាស់ជាមុនទេ។

ត្រង់ចំណុចនេះ កហរសួងយល់ថា ជាការរំខានដល់ជីវភាពប្រចាំថ្ងៃ និងផ្ទុយពីឆន្ទៈ របស់អ្នកប្រើប្រាស់ទូរស័ព្ទចល័តទាំងនោះ។

ផ្តើមពីបញ្ហានេះ និយ័តករទូរគមនាគមន៍កម្ពុជា បានណែនាំ ដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ដូចជា៖

១- បញ្ឈប់រាល់ការរំខានដល់អ្នកប្រើប្រាស់ តាមការហៅចូលលេខទូរសព្ទចល័តជាបន្ទាប់ ព្រោះសេវាហៅ ចូលនេះ ពុំមានការចុះឈ្មោះប្រើប្រាស់ជាមុន ដោយអ្នកប្រើប្រាស់ឡើយ។

២- បញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់ លេខកូដទូរគមនាគមន៍ទាំងឡាយណា ដែលគ្មានការអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា។

ចំពោះបញ្ហានេះ ក្រសួងប្រៃសណីយ៍ ក៏បានព្រមានថា ក្នុងករណីប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ពុំអនុវត្តតាមការណែនាំ របស់ខ្លួនទេ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចាត់វិធានការ ម៉ឺងម៉ាត់ ដោយណែនាំឱ្យ និយ័តករទូរគមនាគមន៍កម្ពុជា បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករទាំងនោះ ព្រមទាំងចាត់វិធានការ ស្របតាមមាត្រា៦៩ និងមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ ដោយមិនលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង