នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនម្នាក់ ករណីផ្ទុះអាវុធ៣គ្រាប់ នៅក្នុងបន្ទប់ជួល

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិចិន ពាក់ព័ន្ធករណីផ្ទុះអាវុធចំនួន ០៣គ្រាប់ នៅក្នុងបន្ទប់ជួលស្ថិតនៅចំណុចក្រុមទី១០ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ WANG XUDONG ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុមទី១០ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ កាំភ្លើងខ្លី ០១ដើម (ម៉ាក ZORAKI ពណ៌ទឹកប្រាក់ មានលេខសម្គាល់ 000326), បង់កាំភ្លើង ០១, គ្រាប់កាំភ្លើង ៤៤គ្រាប់, សំបកកាទុស ០៣គ្រាប់, ស្រោមកាំភ្លើង ០១, កាំភ្លើងបាញ់ឆក់ ០១, ខ្នោះដៃ ០១គូរ, កូនកាំប៉ិតស្នៀត ០២, ស្បែកជើងកវែង ០២គូរ, ទូរស័ព្ទដៃ ០២គ្រឿង, លិខិតឆ្លងដែន ០២ក្បាល ។

សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង ០១ និង ៣០នាទី រំលងអាធ្រាត្រ ថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋបានរាយការណ៍ថា មានករណី ផ្ទុះអាវុធ ចំនួន ០៣គ្រាប់ នៅក្នុងបន្ទប់ខាលលើ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការហុមព័ទ្ធបន្ទប់ដែលកើតហេតុ រហូតដល់វេលលាម៉ោង ០៦ និង ៣០នាទី ព្រឹក ទើបធ្វើការឃាត់ខ្លួនបានជនប្រដាប់អាវុធ ដែលជាជនជាតិចិន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង